អំពើពុករលួយ​ក្នុងការ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ របស់​អ្នកស្រី ទេព សុខា ត្រូវបាន​បែកធ្លាយ​កាន់តែ​ធំ​

រឿងរ៉ាវ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ឃុបឃិត​ជាមួយ​អ្នកស្រី ទេព សុខា ម្ចាស់​អាជីវកម្ម​វាយ​ថ្មភ្នំ នៅ​ភ្នំ​ឃ្លៃ ស្រុក​ទឹកឈូ ខេត្ត​កំពត ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ កេងប្រវ័ញ្ច​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កំពុង​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​។ បញ្ហា​នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ការ​កេង​បំបាត់​ប្រាក់​ពន្ធ​រដ្ឋ​រាប់​ម៉ឺន​ដុល្លារ មិនមែន​ជា​រឿង​តូចតាច​នោះ​ទេ​។ គេ​ដឹងថា ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​កំពត ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជ្រៅ​ជាងគេ ក្នុង​សំណុំរឿង​នេះ ដោយ​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​អ្នកស្រី ទេព សុខា ទើប​បណ្តោយ​ឲ្យ​អ្នកស្រី ទេព សុខា  ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពត បានឲ្យដឹងថា ក្រោយពេល​រឿងអាស្រូវ​ខាងលើ ត្រូវបាន​បែកធ្លាយ​ស្រាប់តែ​អ្នកស្រី ទេព សុខា កំពុង​រត់​ការសុំ​ពង្រីក​ទីតាំង​ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ចំណុច​ដែល​ខ្លួន​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ បច្ចុប្បន្ន​ត្រូវ​គ្នា​ទៅ​នឹង​ទីតាំង​ដែល​ច្បាប់​បាន​អនុញ្ញាត​។ គេ​មិនដឹងថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អ្នកស្រី ទេព សុខា បាន​សម្រេច​ឬ​ក៏​អត់​នោះ​ទេ ព្រោះ​មកដល់ពេលនេះ​រឿងអាស្រូវ​ពុករលួយ​ធ្វើ​អាជីវកម្ម​យក​ថ្ម​នៅ​តំបន់​ភ្នំ​ឃ្លៃ ខុស​ពី​ទីតាំង​ដែល​ច្បាប់​អនុញ្ញាត ត្រូវបាន​បើក​កកាយ​រួចទៅហើយ​។ ទោះជា​យ៉ាងណា​គេ​ដឹងថា មាន​មន្ត្រី​ធំ​ម្នាក់​ក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពត ដែល​ធ្លាប់​ទទួល​លាភសក្ការៈ​ពី​អ្នកស្រី ទេព សុខា កំពុង​ជួយ​រត់​ការ​ក្នុង​សំណុំរឿង​នេះ​យ៉ាង​សស្លើតសស្លក់​។​

​សូមបញ្ជាក់​ថា រឿងអាស្រូវ​ពុករលួយ​រវាង​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពត ជាមួយ​អ្នកស្រី ទេព សុខា កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត​ដឹក​ឮជា​សាធារណៈ ហើយ​រិះគន់​យ៉ាង​ពេញបន្ទុក​ផងដែរ​។ ទង្វើ​បំពាន​ច្បាប់​របស់​អ្នកស្រី ទេព សុខា គឺ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៤​ធ្លាប់​ត្រូវបាន​ក្រសួង​រ៉ែ​និង​ថាមពល បញ្ជូន​មន្ត្រី​ឲ្យ​ចុះ​ធ្វើការ​ត្រួតពិនិត្យរ​កប​ទ​ល្មើស​ម្តង​រួចមកហើយ ថែម​ទាំង​បញ្ជា​ឲ្យ​អ្នកស្រី ទេព សុខា និង​ប្តី​ឈ្មោះ ហុក ចិន្តា ធ្វើ​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​ខុស​ទីតាំង​ទៀតផង​។ ប៉ុន្តែ​ក្រោយមក​ដោយ​មាន​ការឃុបឃិត​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពត ទើប​អ្នកស្រី ទេព សុខា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅ​ទៀត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

ST-156