រថយន្ត​នី​សាន់​ដឹក​កៅអី​លើស​ចំណុះ ក្រឡាប់​ផ្ងារជើង​ច្រងាង សំណាង​ល្អ​គ្មាន​អ្នករងរបួស

ភ្នំពេញ ៖ រថយន្ត​ដឹក​កៅអី​មួយគ្រឿង បើកបរ​លឿន តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង​ហៅ​ផ្លូវ​លេខ ២១៧ បាន​រេ​ចង្កូត ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ម្ខាង ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​នេះ ដឹក​កៅអី​លើស​ចំណុះ មិន​គោរព​តាម​ស្តង់ដារ​បច្ចេក ទេស​ដែល​ច្បាប់​បាន​កំណត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១​នឹង ១០​នាទី​យប់ ថ្ងៃទី ១៩ ខែតុលា​ឆ្នាំ ២០១៤ ស្ថិតនៅ​ជិត​ក្លោងទ្វារ​វត្ត​ចំការ​ដូង ក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​សង្កេត​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក នី​សាន់ ១​ផាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បើកបរ​ដោយ បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ដល់​ការដ្ឋាន​ធ្វើ​ផ្លូវ​ក៏​បាន​ទាញ ចង្កូត​រថយន្ត​គេច ខណៈនោះ​ក៏​ស្រាប់​រេ​ចង្កូត​ផ្អៀង​ជើង​ក្រឡាប់​ផ្ងារ​ចាក់​កៅអី​ចោល ពេញ​ផ្លូវ នឹង​បង្ក​ការកកស្ទះ ចរាចរណ៍​ជាង ១​ម៉ោង​ផង​ដែរ ។

ជុំវិញ​ការ​ក្រឡាប់​រថយន្ត​នេះ ប្រជាពលរដ្ឋ​ក៏​ដូច​អ្នកដំណើរ​បាន​រិះគន់​ចំពោះ អាជ្ញាធរ ជាពិសេស នគរបាល​ដែល​បោះ​គោលដៅ ចាំ​យក​លុយ​ពី​រថយន្ត​ដឹកទំនិញ មិនគួរណា​អនុញ្ញាត អោយ រថយន្ត​ដឹកទំនិញ​លើស​ចំណុះ បែបនេះ បើកបរ​ចូល​ក្រុង​នឹង​រាជធានី​ឡើយ នេះ​សំណាង​ហើយ ដែល​ក្រឡាប់​មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​នឹង​ប៉ះពាល់​ដល់​អ្នកដំណើរ​ផ្សេងទៀត​។ ដូច្នេះ ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើសុំ​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន មេត្តា​ត្រួតពិនិត្យ​រាល់​រថយន្ត ដែល​ដឹក​ទំនិញ​ខុស ច្បាប់​លើស​សម្រុះ កុំ​អោយ​បើកបរ​ចូល​ក្រុង​អោយសោះ ព្រោះ​ខ្លាច​បង្កបញ្ហា ដូចជា គ្រោះថ្នាក់​ចរាចរណ៍ នឹង​ក្រឡាប់ ជាយថាហេតុ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សម្រេច​អោយ​ម្ចាស់​រថយន្ត​បង្ក​ខាងលើនេះ មក​ដឹកយក​កៅ អី រួច ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល ដោយ​ខ្លួនឯង ដោយ​មិន​មាន​ឃាត់​អ្នកបើកបរ នឹង​មនុស្ស​ណា​ម្នាក់​យក​ទៅ អប់រំ​ឡើយ ។ បើ​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​នោះ​បាន​បង្ហើប​អោយដឹងថា មូលហេតុ​ដែល​នគរបាល ខណ្ឌ​ដង្កោ​មិន​អើពើ ចំពោះ​រថយន្ត​ក្រឡាប់​ខាងលើ ដោយសារ​មាន​ការអន្តរាគមន៍​ពី​ក្រុម​មន្ត្រី​កងរាជអាវុធហត្ថ មិនដឹង​ថា​ថ្នាក់​ខណ្ឌ ឬក៏​ថ្នាក់​រាជធានី​នោះទេ ៕
1 2