មន្ត្រី​រាជបណ្ឌិត សភា​កម្ពុជា​ស្លាប់ និង​៥​នាក់​របួស​ខណ​:​រថយន្ត​ក្រឡាប់ នៅ​ស្រុក​មេមត់​

​ត្បូងឃ្មុំ ៖ យ៉ាងហោចណាស់ មន្ត្រី​រាជបណ្ឌិតសភា​កម្ពុជា​ម្នាក់ បាន​ស្លាប់ និង​០៤​ទៀត រងរបួស​ធ្ងន់​ស្រាល  ដោយសារ​គ្រោះថ្នាក់ ក្រឡាប់​រថយន្ត កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៤ នេះ នៅ​ចំណុច ចំការកៅស៊ូ​រដ្ឋ ស្ថិតក្នុង​ភូមិ​ស្លា ឃុំ​ទន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បាន​ថ្លែងឲ្យដឹងថា ករណី​ក្រឡាប់​រថយន្ត​បង្ក ឡើង​ដោយ​រថយន្ត​ម៉ាក មីតស៊ុយប៊ីស៊ី ពាក់​ស្លាក​លេខ 2N-5819 បើកបរ​ដោយ​ឈ្មោះ ឯម សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៤៥​ឆ្នាំ ធ្វើការ​នៅ​រាជបណ្ឌិតសភា​កម្ពុជា ស្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​បើកបរ​ពី​លិច​ទៅ​កើត លុះ​មកដល់ ចំណុចកើតហេតុ​ខាងលើ អ្នកបើកបរ​បាន​អោន​យកនំ ដើម្បី​យក​មក​ហូប ពេល​នោះ​រថយន្ត​បាន រេ​ចង្កូត​ទៅ ចិញ្ចើមផ្លូវ ហើយ​ក៏​បុក​ជាមួយ​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​បន្ថយល្បឿន ក៏​ប្រឡាប់​តែម្តង បណ្តាលឲ្យ​មនុស្ស ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​០៤​នាក់​ទៀត រងរបួស ធ្ងន់ ២​នាក់ និង​ស្រាល ២​នាក់ ចំណែក​រថយន្ត​ខូចខាត ជា​ទម្ងន់​។​

​លោកស្នងការ​បាន​បញ្ជាក់​ថា ជនរងគ្រោះ ទី​១- ឯម សុវណ្ណារ៉ា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជា​អ្នកបើកបរ របួសធ្ងន់ ទី​២-​ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ ទី​៣-​ឈ្មោះ លា​វ ផា​រុណ ភេទ​ប្រុស រងរបួស​ធ្ងន់ ទី​៤-​ឈ្មោះ ហ៊ាន ស្រស់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ របួសស្រាល និង​ទី​៥-​ឈ្មោះ សាន លាង ភេទ​ប្រុស របួសស្រាល អ្នក​ទាំង ៥​នាក់ សុទ្ធ​តែ​ធ្វើការ​នៅ​រាជបណ្ឌិតសភា​កម្ពុជា និង​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។​

​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានឲ្យដឹង​ទៀតថា ក្រោយពេល​កើតហេតុ លោក​បាន​បញ្ជា​ឲ្យកម្លាំង​នគរ បាល ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ដើម្បី​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ចំណែក​អ្នកស្លាប់ ត្រូវ បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​រាជបណ្ឌិតសភា ។​

​សូមបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់​បាត់​ជីវិត គឺ​ទើបតែ​ទទួល​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​នា​ពេល​ថ្មីៗ​កន្លងទៅនេះ​៕

14722 14723 d14721