ម៉ូតូ​វីវ៉ា​បុក​រ៉ឺម៉ក​កង់​បី បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់

​ភ្នំពេញ​៖ យុវជន​២​ម្នាក់ ជិះ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿង ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ឆ្លងថ្នល់​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១០​នឹង​៤៥ នាទី យប់ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
​    ​
ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​ជា​អ្នករត់​រ៉ឺម៉ក​កង់​បី ធ្វើដំណើរ​តាម​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​ឡើង​លើ​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខ​ណះ​នោះ​ស្រាប់តែ​មាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-8964 ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ​២៧១​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី ចំ​ពីមុខ​ពេញទំហឹង​ក្រឡាប់​ផ្ងារ​ជើង បណ្តាល​ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម រីឯ​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី រង​ការខូចខាត​ទាំងសងខាង ។
​    ​
សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើ​ការអន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ប៉ុន្តែ​ភាគី​ទាំងសងខាង​បាន​យល់ព្រម​សម្របសម្រួល​គ្នា​ដោយ​យក​យាន្ត​ជំនិះ​ទៅ​ជួសជុល​រៀងខ្លួន ដើម្បី​បញ្ចប់រឿង​ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច ។ សូមបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចណ៍​ខាងលើ​នេះ បង្កឡើង​ដោយ​អ្នកបើកបរ​ទាំងសងខាង​គ្មាន​ការប្រុងប្រយ័ត្ន ទើប​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដូច្នេះ​កើតឡើង ៕
1 2