បុរស​ម្នាក់​ជិះ​សេ​១២៥ លឿន​ជ្រុល​បុក​គូទ​រថយន្ត​ធុន​ធំ កំពុង​ចត​ស្ងៀម បណ្តាលអោយ​រងរបួស​ធ្ងន់​

ភ្នំពេញ ៖ យុវជន​ម្នាក់ រងរបួស​ធ្ងន់ធ្ងរ ត្រូវ​សាច់ញាតិ​ហៅ​រថយន្ត​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម ៗ ដោយសារ​រូបគេ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ក្នុង​ល្បឿន​លឿន ជ្រុល​បុក​គូទ​រថយន្ត​ធុន​ធំ ដឹក​ទំនិញ​ដែល​ចត ស្ងៀម​នៅលើ​ចិញ្ចើម​ផ្លូវ​ក្បែរ​ក្លោងទ្វារ​វត្ត​ពោធិញាណ ផ្លូវ​លេខ ៣៧១ ក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ២០​នឹង ២០​នាទី​យប់ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៤ ។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតេ​ហ​តុ​បានអោយដឹងថា មុនពេល​កើតហេតុ​យុវជន រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AL 4099 ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​លេខ ៣៧១ ទិសដៅ​ពី​កើត​ទៅ​លិច លុះ​ដល់​ក្បែរ​វត្ត​ពោធិញាណ ក៏​បាន​ជ្រុល​ទៅ​បុក​ចំ​គូទ​រថយន្ត ធុន​ធំ ម៉ាក​ហ៊ី​ណូ មួយ​គ្រឿង​កំពុង​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ ដោយ​មិន​បាន​ដាក់​ភ្លើង​សញ្ញា បណ្តាល​អោយ យុវជន​ជា​ម្ចាស់​ម៉ូតូ​បោក​ក្បាល​នឹង​គូទ​រថយន្ត​បែកក្បាល​ហូរឈាម ស្រោច​ខ្លួន​រងរបួស​ធ្ងន់ធ្ងរ នឹង​ម៉ូតូ​រង​ការខូចខាត​ផងដែរ​។
​    ​
ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយនឹង​នគរបាល​ច​រាចរណ៍​ខណ្ឌមានជ័យ ចុះ​អន្តរាគមន៍​វាស់វែង​អូស​យក​រថយន្ត​ហ៊ី​ណូ នឹង​ម៉ូតូ​របស់​យុវជន​ខាងលើ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌ រង់ចាំ​ដោះស្រាយ​គ្នា​នា​ពេល​ក្រោយ ៕
1