នគរបាល ខេត្ត​កំពង់ចាម ចាប់ខ្លួន​ស្ត្រី​មេ​ឆ្នោត ដុះ​ស្លែ នៅ​ស្រុក​បាធាយ

កំពង់ចាម ៖ ស្ត្រី​មេ​កន្ទុយលេខ (​ឆ្នោត​វៀតណាម​)​ម្នាក់ ដែល​លួច​បើក​លេង ជា​យូរ ណាស់ មកហើយ​នោះ នៅ​ស្រុក​បាធាយ ត្រូវបាន​កម្លាំង​នគរបាល ចាប់ខ្លួន នា​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤​នេះ និង​ដកហូត​វត្ថុតាង ជាក់ស្តែង មួយចំនួន​ផង​ដែរ​។​
​មន្ត្រីនគរបាល ស្រុក​បាធាយ បានឲ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ ការ​លួច បើក​លេង​ឆ្នោត រួចមក កម្លាំង​នគរបាល មូលដ្ឋាន បាន​ធ្វើ​ការស្រាវជ្រាវ បន្ត​រហូត ចុះ​ទៅ​បង្ក្រាប ជាក់ស្តែង​តែ​ម្តង ដោយ​ឃាត់ខ្លួន​ស្ត្រី មេ​ឆ្នោត​បាន​ម្នាក់ ។​

មន្ត្រីនគរបាល ដដែល បាន​បន្តទៀតថា ក្រោយ​ការចាប់ខ្លួន ស្ត្រី​រូប​នេះ​ត្រូវបាន​បញ្ជូន ទៅ​សួរនាំ បន្តទៀត នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​បើ​តាម​មន្ត្រី នគរបាល ស្រុក​បាធាយ ចំពោះ​ល្បែង ស៊ីសង​ដែល​លួច​បើក​លេង នៅក្នុង​មូលដ្ឋាន​នោះ ស្នងការ​នគរបាល ខេត្ត​កំពង់ចាម លោក​ឧត្តមសេនីយ៍ត្រី បែន រ័ត្ន បាន​បញ្ជា​ឲ្យ ចុះ​ធ្វើការ ស្រាវជ្រាវ និង​បង្ក្រាប គ្រប់​ទីកន្លែង ដោយ​គ្មាន​ការយោគយល់​នោះឡើយ ពី​ព្រោះនេះ ជា​បទល្មើស ខុសច្បាប់​ទាំងស្រុង​។​

​ចំពោះ​ការចាប់ខ្លួន ស្ត្រី​មេ​កន្ទុយ លេខ​រូបនេះ ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​សង្ឃឹម យ៉ាង​មុតមាំ​ថា តុលាការខេត្ត​កំពង់ចាម និង​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់ ហើយ​បញ្ចប់​វប្បធម៌ ការ​រត់​ការ ឲ្យមាន​សរី​ភាព​ឡើងវិញ ។​

​ប្រជាពលរដ្ឋ បាន​រលឹក ដោយ​ការរិះគន់​ចំៗ​ថា នា​ពេល​កន្លង​ទៅ ជនល្មើស​ខ្លះ បូក​រួម​ទាំង ល្បែង​កន្ទុយ លេខ​នេះ ត្រូវបាន​តុលាការ​ដោះលែង ឲ្យមាន​សេរីភាព ក្រោយពី​សមត្ថកិច្ច បាន​ធ្វើ​ការស្រាវជ្រាវ និង​ចាប់ខ្លួន​បញ្ជូន ទៅកាន់​តុលាការ​នោះ ។​

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែល​រស់នៅ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កោះសូទិន បាន​ត្អូញត្អែរ ចំពោះ​ល្បែង កន្ទុយលេខ ជាច្រើន​ទីតាំង ដែល​មេ​កន្ទុយលេខ​ទាំងនេះ មាន​ខ្សែស្រឡាយ និង​សាច់ញាតិ របស់​អធិការ នគរបាល​ស្រុក និង​មន្ត្រី នគរបាល ជា​ថ្នាក់ដឹកនាំ មួយចំនួន ផងដែរ​។​

​ប្រជាពលរដ្ឋ សង្ឃឹមថា ចំពោះ​ទីតាំង​កន្ទុយលេខ ដែល​មាន​ខ្សែ​ស្រា​ឡាយ អធិការនគរបាល ស្រុក​នោះ ស្នងការ​នគរបាល ខេត្ត​កំពង់ចាម នឹង​ធ្វើ​ការចុះ​បង្ក្រាប ជាក់​ជា​មិនខានឡើយ ។​

​មន្ត្រីនគរបាល ខេត្ត​កំពង់ចាម មួយរូប បាន​ថ្លែងថា ចំពោះ​ទីតាំង​ល្បែង កន្ទុយលេខ ដែល​មាន​នៅ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កោះសូទិន ខាងលើនេះ ស្នងការ​នគរបាល​ខេត្ត កំពុងមាន​វិធានការ​ណ៍ហើយ និង​គ្មាន​ការយោគយល់​ទេ បើទោះបីជា​ខ្សែ​ថ្នាក់​ណា​នោះ ពោល​ត្រូវ​ធ្វើ​ទៅ តាម​ផ្លូវច្បាប់ ៕
Pheak-00017