នគរបាល​ឃាត់ខ្លួន បុរស​ម្នាក់ ពីបទ ចែកចាយ​ថ្នាំញៀន

បាត់ដំបង ៖ កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុង បទល្មើស ជាក់ស្តែង និង​រឹបអូស​បាន​ថ្នាំញៀន​មួយចំនួន កាលពី​វេលា​ម៉ោង​៥៖៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ ២០១៤ នៅ​ចំណុច ផ្ទះសំណាក់ ៩៩៩ ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង រួច​កសាង​សំណុំរឿង បញ្ជូន​រឿង ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ។​

​លោក​វរសេនីយ៍ត្រី ស៊ាន សូ​ណាល់ នាយ​ផ្នែក​នៃ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន ខេត្ត​បាន​ឱ្យដឹងថា កាលពី វេលា​ម៉ោង ៥៖៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះសំណាក់ ៩៩៩ ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​ក្រុង បាត់ដំបង កម្លាំង​របស់លោក បានទទួល​ព័ត៌មាន​ថា មាន​ករណី​ចែកចាយ​ថ្នាំញៀន ភ្លាម កម្លាំង​ការិយាល័យ​ជំនាញ បាន​ចុះ ឃាត់ខ្លួន​ជន​ស្ស័​យ​ម្នាក់ ដែល​កំពុង​ចែកចាយ​ជាក់ស្តែង​ស្តែង និង​រឹបអូស​បាន ម៉ា​ទឹកកក​ចំនួន ៤​ថង់​តូច មាន​ទម្ងន់​ស្មើនឹង ៦​ក្រាម រួច​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ផៃ សុផល ហៅ​នី ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ អន្លង់​វិល ស្រុក​សង្កែ​។​
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រកស៊ី​ចែ​ចាយ​ថ្នាំញៀន​ពិតប្រាកដ​មែន​។ លោក​វរសេនីយ៍ត្រី ស៊ាន សូ​ណាល់ បានបញ្ជាក់​ថា បន្ទាប់ពី​បាន​ចម្លើយសារភាព របស់​ជនសង្ស័យ​រួចមក​លោក​បាន​ទទួលបញ្ជា ពី​លោកស្នងការ ស ថេត បញ្ជា​ឱ្យ ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕

HO-0561