ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការប្រើប្រាស់​ថវិកាជាតិ​ក្នុង​រដ្ឋសភា​ជា​រឿង​សំខាន់​បំផុត​

ភាពមិនប្រក្រតី នៃ​ការចាយវាយ​ថវិការដ្ឋ នៅក្នុង​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ កំពុង​ធ្វើឲ្យ​មជ្ឈដ្ឋាន​នានា​មាន​ការចាប់អារ​ម្មណ៍​យ៉ាងខ្លាំង ហើយ​រហូត​មកដល់ពេលនេះ មិនទាន់​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត ជុំវិញ​ការចាយវាយ​មិន​ប្រក្រតី​របស់​ស្ថាប័ន​រដ្ឋសភា​នោះ​ទេ​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​អំពើពុករលួយ ក្នុងប្រទេស​កម្ពុជា​បានឲ្យដឹងថា ការលុបបំបាត់​ភាពមិនប្រក្រតី​នៃ​ការចាយវាយ​ថវិកា​នៅក្នុង​ស្ថាប័ន​រដ្ឋសភា គឺជា​រឿង​ដ៏​សំខាន់​បំផុត ហើយ​ជា​គំរូ​ដល់​ស្ថាប័ន​ដទៃ​ទៀត​ផង​ដែរ​។ ជាងនេះទៅទៀត​ការលុបបំបាត់​អំពើពុករលួយ និង​ការព្យាបាល​ជំងឺ​បក្ខពួកនិយម គ្រួសារនិយម​នៅក្នុង​ស្ថាប័ន​រដ្ឋសភា​ជា​រឿង​ដែល​មិន​គួរ​មើលរំលង​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​២​រដ្ឋសភា បាន​បញ្ជាក់​អំពី​គម្រោង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ស៊ើបអង្កេត​ទៅលើ​ការប្រើប្រាស់​ថវិកា​របស់​ស្ថាប័ន​រដ្ឋសភា ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមក​នេះ​និង​ស្វែងរក​ឲ្យឃើញ​នូវ​ភាព​មិន​ប្រក្រតី​ក្នុង​ការប្រើប្រាស់​ថវិកាជាតិ ក៏ដូចជា​បញ្ហា​បក្ខពួកនិយម​។ លោក សុន ឆ័យ ដែលជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​និង​សវនកម្ម​នៃ​រដ្ឋសភា​បានឲ្យដឹងថា នៅក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ស្ថាប័ន​សភា​បាន​ប្រើប្រាស់​ថវិកា​មាន​ភាពមិនប្រក្រតី​ជាច្រើន ដូចជា​ការទិញ​ម៉ាស៊ីនថតចម្លង​មួយគ្រឿង​មានតម្លៃ​៣៥០០០​ដុល្លារ និង​ការចំណាយ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​នៅក្នុង​របាយការណ៍​ចំណាយ​ឆ្នាំ​២០១៤ និង​គម្រោង​ចំណាយ​ឆ្នាំ​២០១៥ របស់​ស្ថាប័ន​រដ្ឋសភា បាន​បង្ហាញឲ្យឃើញថា ថវិកា​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៤ មាន​ជាង​២៩​លាន​ដុល្លារ ហើយ​នៅក្នុង​ឆ្នាំ​២០១៥​គឺ​មាន​ជាង​៤៣​លាន​ដុល្លារ​។ របាយការណ៍​នោះ​បាន​រៀបរាប់​អំពី​ការទិញ​សម្ភារៈ​ផ្សេងៗ ដូចជា​ការចំណាយ​ទៅលើ​ប្រេងឥន្ធនៈ និង​ប្រេងរំអិល​សម្រាប់​ថ្នាក់​ដឹកនាំ​គណៈកម្មការ​និង​បេស​សកម្ម​១,២​លាន​ដុល្លារ សម្ភារៈ​ផ្គត់ផ្គង់​សម្អាត និង​អនាម័យ​ជាង​៤៣០០០​ដុល្លារ សម្ភារៈ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល​៦០​ម៉ឺន​ដុល្លារ​និង​សម្ភារៈ​ផ្សេងៗ​ទៀត​។ នៅក្នុង​របាយការណ៍​នោះ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ការ​រាយ​នាម​មុខទំនិញ​នី​មួយៗ​នោះទេ គឺ​ភាគច្រើន​គេ​សរុប​ជារួម​។​

​បញ្ហា​ខាងលើ​នេះ​ធ្វើឲ្យ​មហាជន​មាន​កា​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​អំពើ​ពុករលួយ​និង​ការចាយវាយ​ថវិកា​មិន​ប្រក្រតី​របស់​ស្ថាប័ន​រដ្ឋសភា ព្រមទាំង​បញ្ហា​បក្សពួកនិយម គ្រួសារ​និយម​ដែល​កំពុង​កើត​ទ្បើង​យ៉ាង​ពេញបន្ទុក​។ ហេតុនេះ​ទើប​លោក សុន ឆ័យ គ្រោង​ស្នើ​ដល់​លោក ជាម យៀប ដែល​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា ក្នុង​ការបង្កើត​គណៈកម្មកា​រ​មួយ ដើម្បី​ធ្វើ​ការស៊ើបអង្កេត​អំពី​ការចំណាយ​ទាំងនេះ​។ ចំណុច​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​លោក សុន ឆ័យ បានឲ្យដឹងថា លោក មិ​ត កា​រ៉េ​ន ដែល​ជា​អតីត​អគ្គនាយក​ហិរញ្ញវត្ថុ​និង​រដ្ឋបាល បានដាក់​កូនប្រសារ​ជា​អគ្គនាយករង តែ​បច្ចុប្បន្ន​ឈ្មោះ ហុង វិចិត្រ ដែល​ជា​កូនប្រសា​រលោក មិ​ត កា​រ៉េ​ន បាន​ទ្បើង​ជំនួស​ឪពុកក្មេក​ទៅហើយ​៕

​ដោយ​៖ មនសិការ​ខ្មែរ

រដ្ឋសភា​​នី_FPM