អាជ្ញាធរ​ខណ្ឌ​ទួលគោក​ចុះ​រុះរើ ទីតាំង​លក់​បន្លែ​លើ​កំណាត់​ផ្លូវ​ព្រះ​មុន្នី​រ៉េត​

​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌ​ទួលគោក នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ បាន​បើក​ប្រតិបត្តិការ​ចុះ​រើ ទីតាំង​លក់​បន្លែ ផ្លែឈើ​ផ្សេងៗ ដែល​ដាក់​លក់​នៅលើ​ចិញ្ចើម​ផ្លូវ​យ៉ាង​អាណាធិបតេយ្យ នៅលើ​កំណាត់​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក​។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​អោយដឹងថា​ការចុះ​រុះរើរ និង បញ្ឍប់​សកម្មភាព​លក់​ដូរ​យ៉ាង​អាណាធិបតេយ្យ​ខាងលើ​នេះ​គឺ ធ្វើឡើង​ក្រោម​បញ្ជារ​ផ្ទាល់​ពី​សំណាក់ លោក អភិបាលរងខណ្ឌ ប៉ាង លីដា ដែល​ការចុះ​រុះរើរ នេះ​គឺ​ធ្វើឡើង​ព្រោះតែ​ការលក់ដូរ​របស់​បង​ប្អូន​អាជីវករ តែងតែ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​កន្លែង​សម្រាប់​ដាក់​លក់​អ៊ី​វ៉ាន់ បន្លែ ផ្លែ​ឈើ​របស់​ខ្លួន ដោយ​មិន​បាន​គិតគូរ​អំពី​សណ្តាប់​ផ្លូវ​សាធារណៈ​។  ហើយ​ការចុះ​រុះរើ នេះ​ដែរ​គឺ​ធ្វើឡើង​ដើម្បី​ជា​គំរូ​ដល់ អាជីវករ​មួយចំនួន​តូច ដទៃ​ផ្សេង​ទៀត ដែល​នៅតែ​ព្រហឺន​ដាក់​លក់​លើ​ដង​ផ្លូវ​បែបនេះ ។

សូមបញ្ជាក់​ថា​កាលពី​ពេល​ថ្មីៗ កន្លងមក​សាលា​ខណ្ឌ​ទួលគោក​ក៏​ធ្លាប់​បាន​ចេញ​លិខិត​ណែនាំ ហាមឃាត់​មិនអោយ​បងប្អូន​ដាក់លក់​អ៊ី វ៉ាន់​លើ​កំណាត់​ផ្លូវ​ព្រះ​មុន្នី​រ៉េត​ទេ បើ​ពុំ​ដូច្នោះ​សាលាខណ្ឌ​និង​ចាត់​វិធាន​យ៉ាង​តឹងរឹង​បំផុត​ទៅលើ​ជន​ណា​ដែល​មិន​បាន​គោរព​តាម​ការណែនាំ ប៉ុន្តែ​សកម្មភាព​នេះ​នៅតែ​បន្ត​កើតមាន ទើប​អាជ្ញាធរ​សម្រេច​ចុះ​រើរុះ តែម្តងទៅ ។

លោក​ប៉ាង លីដា អភិបាលរងខណ្ឌ បាន​សុំ​អោយ​បងប្អូន​ដែល​ជា​អាជីវករ​ទាំងអស់ មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញារ​មូលដ្ឋាន ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​តាម​ដងផ្លូវ​សាធារណៈ  គម្បី​ណា​មិន​បាន​ស្តាប់​តាមកា​រ​ណែនាំ ហើយ​នាំ​គ្នា​បន្ត​ដាក់​លក់​យ៉ាង​គគ្រឹក គគ្រើង​ថែម​ទៀត​នោះ​ទេ​។ ហើយ​លោក​ក៏​បាន​ប្រមាន​ដល់​អាជីវករ​ទាំងអស់ ធ្វើ​យ៉ាងណា​ត្រូវ​គិតគូរ​ឡើង​វិញ​ចំពោះ​ការយក​ចំណី​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ​ដើម្បី​បំពេញ​ផលចំណេញ​របស់ខ្លួន តែ​បែប​ជា​ត្រឡប់​មក​បំផ្លាញ​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ​ទៅ​វិញ​នោះ​ទេ​៕