ឃាត់ខ្លួន ជន​ឆក់​កាបូប​បាន​ម្នាក់ និង​ម្នាក់​ទៀត រត់គេចខ្លួន បណ្តាល​ឲ្យ អ្នកធ្វើដំណើរ របួសធ្ងន់​ពីរ​នាក់​

ភ្នំពេញ​៖ ជនសង្ស័យ ឆក់​កាបូប​ម្នាក់​ត្រូវបាន នារី​រងគ្រោះ និង​ប្រជាពលរដ្ឋ​តាម​ឃាត់ខ្លួន​បាន នៅ​មុខ​សាលា​ច្បាប់​បឹងត្របែក ខណៈ​ដែល​បក្ខពួក​ម្នាក់​ទៀត បាន​រត់គេចខ្លួន​បាត់ ហើយ​បាន​បណ្តាល ឲ្យ​អ្នកជិះ​ម៉ូតូ​ពីរ​នាក់​រងរបួស​ធ្ងន់ នៅ​ម៉ោង​ប្រមាណ ៥៖៣០ នាទី ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៤​នេះ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​រៀបរាប់​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ឆក់​កាបូប​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ស៊ូ​ហ្គន់ ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​រងគ្រោះ​ម្នាក់ នៅ​ចំណុច​គល់ស្ពាន​អាកាស​ក្បាលថ្នល់ ក្រោយ​ពី​ឆក់​បាន​សម្រេច បក្ខពួក​គេ​ទាំង​ពីរ បាន​គេចខ្លួន​តាម​ផ្លូវ​នរោត្តម រួច​បត់​មក​ផ្លូវ​ព្រះមុនីវង្ស​វិញ តាម​ម្តុំ​ស្តុប​ក្រសួងមហាផ្ទៃ​។​

​សាក្សី​បាន​បន្តទៀតថា នារី​រងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ ស្កូប​ពី របស់​ខ្លួន​ដេញ​តាម រហូតមក​ដល់​មុខ​សាលា​ច្បាប់​បឹងត្របែក ភ្លាម នោះ បក្ខពួក​ជនសង្ស័យ​ម្នាក់ ដែល​ជិះ​ខាងក្រោយ បាន​លោត​ចុះ​ពីលើ​ម៉ូតូ ធ្វើឲ្យ​ម៉ូតូ​ដួល ទើប​ប្រជាពលរដ្ឋ និង​នារី​រងគ្រោះ នាំគ្នា​ឃាត់​បាន ដោយឡែក​ម្នាក់ទៀត បាន​រត់​ឆ្លងផ្លូវ​គេចខ្លួនបាត់ ដោយ​រត់​បុក​និង​ម៉ូតូ​មួយ​គ្រឿង ដែល​កំពុង​ធ្វើដំណើរ បណ្តាល​ឲ្យ​បុរស​នារី​ពីរ​នាក់​ដួល​ម៉ូតូ​រង​របួសធ្ងន់​។​

​អ្នកដំណើរ​ម្នាក់​ទៀត បានឲ្យដឹងថា បុរស​ដែល​ត្រូវ​ជន​ឆក់​កាបូប​រត់​បុក បណ្តាលឲ្យ​ដួល​ម៉ូតូ​នោះ ឈ្មោះ ចាន់ ប្រុស​ពៅ ស្នាក់ នៅ​ម្តុំ​ក្រុមហ៊ុនទូរស័ព្ទ​ឃ្យូ​ប៊ី សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ឯ​នារី​រងគ្រោះ​ម្នាក់​ទៀត ដួល​បែក​ចិញ្ចើម ឈ្មោះ ឌី​ណា អាយុ​២០ ឆ្នាំ ស្នាក់នៅ​ម្តុំ​វត្ត​ចំពុះក្អែក​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន ក៏​បានឲ្យ​ដឹង​ដែរថា ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូន ទៅកាន់​អធិការ​រដ្ឋា​នគរបាល ខណ្ឌចំការមន ក្រោយ​ការសួរនាំ​ជនសង្ស័យ ត្រូវបាន​ស្គាល់​អត្ត​សញ្ញា​ថា ឈ្មោះ សឹង លក្ខ​ណា អាយុ ៣០ ឆ្នាំ មុខរបរ ជា​អ្នករត់​ម៉ូតូឌុប ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម ជា​អ្នកបើក​ម៉ូតូ​ធ្វើ​សកម្មភាព ជាមួយគ្នា​នោះ​ដែរ ជនសង្ស័យ​ក៏​ធ្លាប់ បាន​ជាប់គុក​ម្តង​មក​ហើយ​ដែរ នៅក្នុង​ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​នឹង​ថ្នាំញៀន ចំ​ណែន​បក្ខពួក ដែល​រត់គេចខ្លួន ជាមួយនិង កាបូប​នារី​រងគ្រោះ​នោះ ឈ្មោះ លុច្ស​។ ដោយឡែក​នារី​រងគ្រោះ ក៏​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា ឈ្មោះ ភី នី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​រថយន្តក្រុង​សាធារណៈ ស្នាក់នៅ​ភូមិ​ខ្វាវ សង្កាត់​ដង្កោ ខណ្ឌដង្កោ សម្ភារ​បាត់បង់​មាន ប្រាក់​ចំនួន​៤០ ដុល្លារ និង​របស់របរ​មួយចំនួនទៀត​៕
Untitled-1 Untitled-2