សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ចុះ​ឆែក​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ រកឃើញ​គល់ឈើ​ខុសច្បាប់​មួយចំនួនធំ​

ភ្នំពេញ​៖ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ ២០១៤ បាន​ចុះ​ឆែកឆេរ​ទីតាំង​សិប្បកម្ម​ប្រណិត BRANET ផលិត​គ្រឿង​សង្ហា​រឹម នឹង​ចម្លាក់​គ្រប់​ប្រភេទ បាន​រកឃើញ​គល់ឈើ​ដឹក​ចូល​កម​កែច្នៃ​ខុសច្បាប់ ។ ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ខាងលើ​ស្ថិតនៅ​ភូមិ​ជ្រោយ​អំពិល ផ្លូវជាតិ​លេខ ១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

ក្នុង​ប្រតិបត្តិកា​រណ៍​ខាងលើ​នេះ​ដឹកនាំ ដោយ អ៊ុំ សុភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក អ៊ុន សុវណ្ណារិទ្ធ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ នឹង​មាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ ។​

សមត្ថកិច្ច​បាន​អោយដឹង​ថា ម្ចាស់​ទីតាំង​ខាងលើ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ហើយ​ការចុះ​ឆែកឆេរ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​គល់ឈើ​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​គល់ឈើ​ប្រភេទ ឈើ​ធ្នុង ឈើ​គគីរ និង​ឈើ​ផ្សេងៗ​ទៀត​។​

គួរ​បញ្ចាក់​ថា ទីតាំង​នេះ​មាន​ច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​មូលហេតុ​ដែល​សមត្ថកិច្ច​រដ្ឋបាល​ចុះ​ពិនិត្យ​ដោយ សារ​ការដឹក​គល់ឈើ​ចូល​មក​កែច្នៃ មិន​បាន​សុំច្បាប់​អនុញ្ញាត​ពី​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ។ ក្រោយ​ពិនិត្យ​រួចរាល់​ហើយ​នោះ សមត្ថកិច្ច​បាន​សម្រេច​ធ្វើលិខិត​ដកហូត​គល់ឈើ​ទាំងនោះ យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។​
photo 1 photo 2 photo 3 photo 4 photo 5