ច្រករបៀង ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​មានការ​នាំ​ចូល​រថយន្ត​និង​ម៉ូតូ​ដែល​ចោរ​លួច​ពី​ប្រទេស​សៀម

ច្រករបៀង​ចំការ​គ និង​សេះ​ងាប់ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដែល​គ្រប់គ្រង​ដោយ​កម្លាំង​យោធា​វរៈ​សេនា​តូច​លេខ​៥០៥ និង​កម្លាំង​យោធា​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​៥ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ចោទប្រកាន់​ថា មាន​សកម្មភាព​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុស​ច្បាប់​ជាច្រើន​ប្រភេទ ជា​ពិសេស​រថយន្ត និង​ម៉ូតូ​ស៊េរី​ទំនើបៗ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយចេក ជា​ទី​ដែល​មាន​ករណី​នាំចូល​ទំនិញ​ខុស​ច្បាប់​ទាំងនោះ បាន​ពន្យល់​ថា​កន្លងមក​មន្ត្រី​យោធា​ជាន់ខ្ពស់​ទទួលបន្ទុក​ការងារ​ព្រំដែន ធ្លាប់​ព្រមាន​ខ្លាំងៗ ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​នៅ​ខេត្ត​បន្ទាយមានជ័យ អំពី​ករណី​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ផងដែរ តែ​ការព្រមាន​នោះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​បន្ត​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ទុច្ចរិត ដដែល​។ ប្រជាពលរដ្ឋ​ស្រុក​ស្វាយចេក បានបញ្ជាក់​ថា ធ្ងន់ ម៉ូតូ និង​រថយន្ត​ទាំងនោះ​ភាគច្រើន ត្រូវ​ចោរ​សៀម​លួច​ពី​ប្រទេស​សៀម ហើយ​បាន​នាំយក​មក​លក់​ឲ្យ​ឈ្មួញ​ខ្មែរ​ចាំ​ទិញ​នៅ​ខេត្ត​បន្ទាយមានជ័យ​។​

ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ជាប់​ព្រំដែន​ប្រទេស​សៀម ដែល​ជាប់ជំពាក់​រឿងអាស្រូវ​នៃ​ការប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​យ៉ាងច្រើន​ស្អេកស្កះ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ និង​ក្រុម​ឈ្មួញ​ទុច្ចរិត រាប់សិប​ឆ្នាំ​មកហើយ​នោះ នៅ​មិនទាន់​មាន​ភាព​ស្រាកស្រាន្ត​នៅឡើយ​ទេ ផ្ទុយទៅវិញ​បទល្មើស​ដែល​ធ្វើឲ្យ​លេច​ធ្លាយ​កញ្ចប់​ថវិកា​ជាតិ ក្នុង​មួយ​ឆ្នាំៗ​រាប់​សិប​លាន​ដុល្លារ ត្រូវបាន​គេ​សង្កេតឃើញថា មាន​សកម្មភាព​កាន់តែ​ផុសផុល​ឡើងៗ​។ ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​សកម្មភាព​នាំ​ចូល​រថយន្ត និង​ម៉ូតូ​គេចពន្ធ ពី​ប្រទេស​សៀម​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រករបៀង​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ កាន់តែ​មាន​ភាព​ខ្លាំងក្លា​ឡើងៗ​។​

​ប្រជាពលរដ្ឋ​ស្រុក​ស្វាយចេក បាន​អះអាង​ថា​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤ មាន​ករណី​នាំ​ចូល​រថយន្ត​ធុន​ទំនើប ស៊េរី​ឆ្នាំ​២០១៤ ម៉ាក​ធុន​ត្រា​ពី​ប្រទេស​សៀម តែ​ដោយសារ​ព័ត៌មាន​នៃ​ការនាំ​ចូល​លេច​ធ្លាយ គេ​សង្កេតឃើញថា​សមត្ថកិច្ច​ក៏​បាន​នាំ​រថយន្ត​នោះ​យកទៅដាក់​ក្នុង​ទី​តាំងខ្លួន ដើម្បី​បង្ហាញ​ដល់​អ្នកការ​សែត​ឲ្យបាន​ដឹង​។ ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​ករណី​នាំ​ចូល​រថយន្ត និង​ម៉ូតូ​តាម​ច្រករបៀង​នានា​ក្នុង​ស្រុក​ស្វាយចេក បាន​កើតឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​មាន​ការ​លាក់បាំង​ពី​សមត្ថកិច្ច​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​បទល្មើស​។ ចំពោះ​ករណី​លេច​ធ្លាយ​ពី​រឿងរ៉ាវ​បើក​ឲ្យ​នាំ​ចូល​រថយន្ត​ចោរ តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នៅ​ពេល​នេះ វា​គ្រាន់តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ ឬ​ប្រហែល​បណ្តាលមកពី​ការចរចា​តម្លៃ​មិន​ត្រូវ​គ្នា​រវាង​ឈ្មួញ និង​សមត្ថកិច្ច​ជំនាញ​៕

index1