ក្រសួង​អប់រំ​នឹង​ចាប់ផ្ដើម​ដំណើការ កែ​វិញ្ញាសា​ប្រឡង​នៅ​ថ្ងៃស្អែក គ្រប់​រាជធានី​-​ខេត្ត

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក រស់ សា​លីន បានឲ្យដឹងថា ក្រសួង​អប់រំ​នឹង​ចាប់ផ្ដើម​ដំណើការ កែ​វិញ្ញាសា​ប្រឡង​នៅ​ថ្ងៃស្អែក គ្រប់​រាជធានី​-​ខេត្ត បន្ទាប់​ពី ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់ ឌុប​លើក​ទី​២ កាល ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៤ ខែតុលា​បានបញ្ចប់ ។​

លោក រស់ សា​លីន នៅ​មិនទាន់​អាច​បង្ហាញ​ភាគរយ​នៃ​ចំនួន​បេក្ខជន​ដែល​ប្រឡង​ជាប់​លើក ទី​២​នេះ​នៅឡើយ​ទេ ពោល​គឺ​រងចាំ​កំណែ​វិញ្ញាសា​ជាមុនសិន​។ ទាក់ទង​នឹង​អវត្តមាន​របស់​បេក្ខជន​មិន​មក​ប្រឡង​លើក​ទី​២​នេះ​ត្រូវបាន លោក រស់ សា​លីន បញ្ជាក់ថា​មាន​ចំនួន​៧.៤៤១​នាក់​។​

ចំនួន​នេះ​កន្លងមក​ក៏​ត្រូវបាន លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន ឯករាជ្យ​លើក ឡើង​ថា សិស្ស​បោះបង់ ចោល ការប្រឡង​មាន​ចំនួន​ច្រើន​ព្រោះ​ពួកគេ​គ្មាន​សង្ឃឹមថា​នឹង ប្រឡង​ជាប់​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ទាំង លោក រ៉ុង​ឈុន និង​លោក រស់ សា​លីន បាន​វាយ​តំលៃ​ដំណើរ​នៃ​ការប្រឡង​លើក​ទី​២​ប្រព្រឹត្តទៅ​ដោយ​រលូន​។​

​សូមបញ្ជាក់​ថា បេក្ខជន​ដែល​ប្រឡង​លើក​ទី​២​នេះ មាន​ចំនួន​ជិត​៧​ម៉ឺន​នាក់ និង​មណ្ឌល​១១៧ ក្នុងនោះ មាន​បន្ទប់ ចំនួន ២៧៥២ បន្ទប់ គ្រប់​រាជធានី ខេត្ត ។ លទ្ធផល​នៃ​ការប្រឡង​នឹង ប្រកាស​នៅ​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខាងមុខ​។ ក្នុងនោះ​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ​មាន​ចំនួន​ជាង ៣០០០​នាក់​។ គួរ​រម្លឹក​ឡើងវិញ​បន្តិច​ថា កាល ពី​ប្រឡង​បាក់ ឌុប​លើ​ទី​១​នៅ​ថ្ងៃ​ទី​៤-៥ ខែ​សីហា មាន​បេក្ខជន​ប្រឡង ជាប់ សរុប ចំនួន​២៣១២៦​នាក់ ត្រូវជា ២៥,៧២​ភាគរយ​ក្នុងចំណោម សិស្ស​សរុប ៨៩៩៣៧​នាក់ ៕
unit