រថយន្ត​ឡិច​ស៊ី​ស បើក​បុក​ម៉ូតូ​សេ​១១០ បណ្តាលឲ្យ​រងរបួស​ធ្ងន់​២​នាក់​

ភ្នំពេញ​៖ មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​រងរបួស​ធ្ងន់ ត្រូវ រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​សេ​១១០ មួយគ្រឿង ហើយ​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងត្បូង​ឈាង​ខាងលិច​សាលា​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​១៥៥ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​យុវជន​ម្នាក់ និង​នារី​ម្នាក់​រួម​ដំណើរ​ជាមួយគ្នា ជិះ​ម៉ូតូ​សេ​១១០(​ឌ្រឹ​មសង់​ប៉ិច​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-7523 ធ្វើដំណើរ​តាម​បណ្តា​យ​ផ្លូវ​លេខ​៤៣២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​ផ្លូវ​លេខ​១៥៥ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង មិន​បន្ថយល្បឿន បាន​ជ្រុល​បុក​ម៉ូតូ​សេ​១១០ ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាលឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រងរបួស​ធ្ងន់​២​នាក់ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។​
​ ​
សាក្សី​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១​បណ្តោះអាសន្ន​៕
1

2