សំណុំរឿង​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ត្រូវបាន​តុលាការ​កំពូល​លើក​ពេល​ជម្រះ

ភ្នំពេញ​៖ តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ បាន​ប្រកាស​លើក​ពេល​ជំនុំជម្រះ​សំណុំរឿង ព្រហ្មទណ្ឌ មួយ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែល​បាន​បាញ់រះ​លើក​ហ្វូង​បាតុករ កម្មករ​រោងចក្រ​កាត់ដេរ បណ្តាលឲ្យ​រងរបួស​៣​នាក់ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​កន្លងមក ។ ការលើក​ពេល​ជំនុំជម្រះ​នេះ គឺ​ដោយសារ​មេធាវី​តំណាង​ដោយ​អណត្តិ​របស់​ជន​ជាប់​ចោទ ឈូក​បណ្ឌិត មិន​មាន​វត្តមាន​នៅក្នុង​សវនាការ​។

​គួរបញ្ជាក់​ថា​កម្មការិនី​រោងចក្រ​កាត់ដេរ​៣​នាក់​ដែល​រងរបួស ទី​១​ឈ្មោះ ប៊ុន ចិន្តា ទី​២​ឈ្មោះ កែវ នា និង​ទី​៣ ឈ្មោះ នុត សា​ខន​។ ជនរងគ្រោះ​ទាំង​៣​នាក់​នេះ បានបង្ហាញ​វត្តមាន​នៅក្នុង​អង្គ​សវនាការ​ខាងលើ ហើយ​ពួកនាង​មាន​ការខកចិត្ត​ដោយសារ​ចំណាយ​ពេលវេលា​មក​ចូលរួម​ស្តាប់​សវនាការ ហើយ​តុលាការ​លើក​ពេល ៕