មន្ត្រីនគរបាល​ប៉ុស្តិ៍ ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ទាំង​ព្រឹក​

កណ្តាលៈ មន្ត្រីនគរបាល​ប៉ុស្តិ៍​មួយរូប បាន​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត​នៅ​គ្រា​ដែល​ជនរងគ្រោះ​ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​រដ្ឋ ទៅ​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​ធ្វើ​ជា​ជាងផ្សារដែក ក៏​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្នុង​ផ្ទះ​ជនរងគ្រោះ​បើក​អាជីវកម្ម​ផ្សារ​ដែក ស្ថិតក្នុង​ភូមិ​ចេក ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​មន្ត្រី​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ខុន វុ​ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូវ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​ព័ត៌មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បានឲ្យដឹងថា ក្រៅពី​មាន​ក្របខ័ណ្ឌ​ជា​កងកម្លាំង​នគរបាលជាតិ ជនរងគ្រោះ​បាន​ប្រកប​អាជីវកម្ម​ជា​ជាងផ្សារដែក​គ្រប់​ប្រភេទ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ការងារ​ក្រៅ​នេះ ធ្វើ​នៅ​ពេល​សម្រាក​ពី​ការងារ​រដ្ឋ ឬក៏​ឆ្លៀត​ពេល​បង្ហើយ​ការងារ​ដោយសារ​ម្ចាស់​សម្ភារៈ​ទាំងនោះ មាន​ការប្រញាប់​យក​ទៅ​ប្រើប្រាស់​។ នៅ​ព្រឹក​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ផ្សារ​តួរ​រថយន្ត​កែច្នៃ ស្រាប់តែ​ភ្លាត់ស្នៀត​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ដួល​ដាច់​ផ្ងារ​នៅក្នុង​ផ្ទះ​របស់​ខ្លួន គ្រា​នោះ​បងប្អូន​ក្រុមគ្រួសារ​បាន​ស្ទុះ​ទៅ​ជួយ​សង្គ្រោះ ដោយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ក្បែរ​កន្លែងកើតហេតុ តែ​ពេល​ទៅដល់​ក្រុមគ្រូពេទ្យ​ប្រាប់​ថា​ជនរងគ្រោះ​ស្លាប់បាត់​ទៅ​ហើយ ធ្វើឲ្យ​បងប្អូន​ក្រុមគ្រួសារ និង​អ្នក​រួម​ការងារ​ជាមួយ​រន្ធត់ចិត្ត​ពន់ពេក ដោយសារ​តែ​មួយ​ពព្រិច​ភ្នែក​សោះ មជ្ជុរាជ​ឆក់យក​ជីវិត​ទៅ​បាត់​ទាំង​វ័យក្មេង​។​

​ក្រោយ​កើតហេតុ នគរបាល​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ រកឃើញថា ករណីនេះ ជនរងគ្រោះ​ស្លាប់​ដោយ​ឆ្លង់​ចរន្តអគ្គិសនី​ពេល​កំពុងត​ភ្ជាប់​ខ្សែ​ម៉ូទ័​រ ដើម្បី​កាត់​ដែក​។ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅស្ថាន​៕
d18771