សមត្ថកិច្ច ឃាត់​ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​ករណី ចែកចាយ​ថ្នាំញៀន នៅ​កន្លែង ២ ផ្សេងគ្នា

​បាត់ដំបងៈ សមត្ថកិច្ច​នគរបាល ក្រុង​បាត់ដំបង បាន​ឃាត់​ជនសង្ស័យ ២​នាក់ ជា​បន្តបន្ទាប់ កន្លែង​២​ផ្សេងគ្នា ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រុមទី​១៩ ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង និង​នៅ​វេលា​ម៉ោង ២​និង​៤០​នាទី​រសៀល ថ្ងៃទី​១១​ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រុមទី​២៣ ភូមិ​ចំការ​សំរោង​១ សង្កាត់​សំរោង​ក្រុង បាត់ដំបង រឹបអូស​បាន​ម៉ា​ទឹកកក ២ ថង់​តូច ម៉ូតូ​២​គ្រឿង រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​ស្នងការ នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ។​

លោក ស៊ន កុសល នាយផ្នែក​ព្រហ្មទណ្ឌ នគរបាល​ក្រុង​បាត់ដំបង បានឲ្យដឹងថា បន្ទាប់ពី​បាន​ទទួល ព័ត៌មាន​ថា មាន​ករណី​ចែកចាយ​ថ្នាំញៀន​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ច​ន ប៊ុនធឿន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ដោយ​រឹបអូស​បាន​ម៉ា​ទឹកកក​១​ថង់​តូច ខណៈ​ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ​ទិញ​ថ្នាំញៀន​យក​ឲ្យគេ កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៤ នៅ ចំណុច​ក្រុមទី​១៩ ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង និង​មួយ​កន្លែង​ទៀត នៅវេលា​ម៉ោង ២ និង​៤០​នាទី​រសៀល ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រុមទី​២៣ ភូមិ​ចំការ​សំរោង​១ សង្កាត់ សំរោង ក្រុង​បាត់ដំបង កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថោង ចាន់ថា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន ទីលំនៅ​ភូមិ​ត្រា​ង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល រឹបអូស​បាន​ម៉ា​ទឹកកក ១ ថង់​តូច នាំយក​មក​អធិការ ក្រុង ដើម្បី​សាកសួរ ។​

​ជនសង្ស័យ​ឈ្មោះ ច​ន ប៊ុនធឿន បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ទូរស័ព្ទ​ទិញ​ថ្នាំញៀន ១ ថង់​តូច​ឲ្យគេ ដោយ​បាន​ជិះ​ម៉ូតូ ទៅ​យក​នៅ​ក្រោយ​វត្ត​ផ្សារ​ថ្មី ក្នុងតម្លៃ ៧ ម៉ឺន​រៀល និង​ម្នាក់​ទៀត​ឈ្មោះ ថោង ចាន់ថា បាន​ឆ្លើយថា ខ្លួន​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​គេ​បាន​លុយ ២០​ដុល្លារ​យក​ទៅ​ទិញ​ថ្នាំញៀន ម៉ា​ទឹកកក ១​ថង់ តូច​ឲ្យគេ​រួច បន្ទាប់មក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ត្រូវបាន​មន្ត្រី​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ស្នង ការ​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​បន្ត ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕

T-0173