បុរស​ម្នាក់​ជិះ​រ៉ឺម៉ក​កង់​បី បុក​រថយន្ត​ឡិច​ស៊ី​ស ៤៧០ របស់​នាយ​ប៉ុស្តិ៍​ទឹកថ្លា ដែល​ចត​ចោល​នៅ​តាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី

​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស ៤៧០ មួយ​គ្រឿង​របស់​នាយក​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ដែល​ចត​ស្ងៀម​នៅតាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី ត្រូវ​រង​ការខូចខាត ដោយសារ​បុរស​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​យ៉ាង​លឿន គេច​ពី​ម៉ូតូ​ជ្រុល​បុក ពេញទំហឹង កាលពី​វេលា​ម៉ោង ២១​នឹង ៣០​នាទី​យប់ ថ្ងៃទី ១២ ខែតុលា​ឆ្នាំ ២០១៤ នៅតាម​បណ្តោយ​ផ្លូវ​សហ ព័ន្ធ​រុស្ស៊ី មុខ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា មុនពេល​កើតហេតុ មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ប្រជែង​គ្នា ជាមួយ ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង លុះ​ដល់​មុខ​វត្ត​ទឹកថ្លា​ត្រូវ​ម្ចាស់​ម៉ូតូ​បើក​កៀរ​រ៉ឺម៉ក​កង់​បី បណ្តាលអោយ​រេ​ចង្កូត​ចាប់ ហ្វ្រាំង​មិន​ទាន់​ជ្រុល​បុក​ចំ​គូទ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F 3676 របស់​នាយ​ប៉ុស្តិ៍​ទឹកថ្លា ពេញទំហឹង ធ្វើអោយ​រថយន្ត​រង​ការ ខូចខាត​បន្តិចបន្តួច​ផ្នែក​ខាងក្រោយ ចំណែក​ម៉ូតូ​កង់​បី​ក៏​ត្រូវ​រង​ការខូចខាត​ផងដែរ ប៉ុន្តែ​ចំពោះ​ហេតុការណ៍​នេះ មិន​បណ្តាលអោយ​មនុស្ស​ណា​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​។
​    ​
សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ថា​ក្រោយ​កើតហេតុ ដោយសារ​នាយ​ប៉ុស្តិ៍​ទឹកថ្លា​គិត​ថា​ខ្លួន​ខុស​ចត រថយន្ត​គ្មាន​សណ្តាប់ធ្នាប់ ដូច្នេះ​ក៏​សម្រេច​បញ្ចប់រឿង​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ដោយ​ពុំ​មាន​ភាគី​ណា ទាមទារ​សំណង​ពី​ភាគី​ណា​ឡើយ ៕
1 Untitled-1 Untitled-3