នគរបាល ខេត្ត​ក្រចេះ ប្រើ​ពេល​ជាង​១០​ម៉ោង តាម​ចាប់ ជនដៃដល់ បាញ់សម្លាប់ អ្នកកាសែត នៅ​ស្រុក​ស្នួល​

ក្រចេះ ៖ ជនសង្ស័យ​២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ និង​សកម្មភាព បាញ់សម្លាប់ អ្នកកាសែត នៅ​សមាគម​ខ្មែរ​ប្រជាធិបតេយ្យ ត្រូវបាន​កម្លាំង នគរបាល​ខេត្ត​ក្រចេះ តាម​ចាប់ខ្លួន ជា​បន្តបន្ទាប់ ក្រោយ​ពី​បើក​ប្រតិបត្តិការ ស្រាវជ្រាវ អស់​រយះ​ជាង​១០​ម៉ោង ។​
​ប្រតិបត្តិការ តាម​ចាប់ខ្លួន ជនសង្ស័យ​ទាំង​នេះ​បាន​ធ្វើឡើង នៅវេលា​ម៉ោង ជាង​៤​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៤ ស្ថិត​នៅ​ស្ពាន​ព្រែក​ឆ្លូង ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព កាលពី​វេលា ម៉ោងជាង​១ យប់​រំលង​អាធ្រា​ត្រ ចូល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៤​ទៅនោះ​។​

ស្នងការ នគរបាល ខេត្ត​ក្រចេះ លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត ដែល​ដឹកនាំ​កម្លាំង នគរបាល​ជំនាញ ធ្វើការ​ស៊ើបអង្កេត ករណី​ឃាតកម្ម​ខាងលើនេះ បានបញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច របស់លោក បាន​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ជា​បន្តបន្ទាប់ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៤​នេះ ដែល​ជាប់​ពាក់ព័ន្ធ ការបាញ់សម្លាប់ លោក តាំង ទ្រី អាយុ​៤៩​ឆ្នាំ ជា​អ្នក បម្រើ​ការងារ ជា​អ្នកកាសែត នៅ​សមាគម​ខ្មែរ ប្រជាធិបតេយ្យ ។​

លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់​ថា ប្រតិបត្តិការ​តាម​ចាប់ ជនដៃដល់ និង​អ្នកពាក់ព័ន្ធ ទាំង​២​នាក់ ខាងលើនេះ បាន​ធ្វើឡើង​ក្រោម​ការដឹកនាំ និង​សម្រប សម្រួល តាម​ផ្លូវច្បាប់ ពី​សំណាក់​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ក្រចេះ និង​មាន​ការចូលរួម ពី​អភិបាលស្រុក​ស្នួល ព្រមទាំង​មន្ត្រី នគរបាល ពាក់ព័ន្ធ​មួយចំនួន​ទៀត ។​

​មន្ត្រីនគរបាល ព្រហ្មទណ្ឌ​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ជនដៃដល់​ដែល​អ្នក​បាញ់សម្លាប់ ជនរងគ្រោះ​មាន ឈ្មោះ ឡា ណា​រ៉ុង អាយុ​៣២​ឆ្នាំ ជា​អតីត​យោធា នៅ​ខេត្ត​មណ្ឌលគិរី ទី​២ ឈ្មោះ ខឹម ភក្តី អាយុ​២៧ ជា​មន្ត្រី​អាវុធហត្ថ ផ្នែក​អន្តរាគមន៍ រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​កាំភ្លើង និង​ម្នាក់​ឈ្មោះ ពិន ហៀ​ង អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​មន្ត្រី​នគរបាល​រូប ជា​អ្នក​ចូលមក​បំភ្លឺ នៅ​ចំពោះមុខ​សមត្ថកិច្ច​ដើម្បី​តាម​ចាប់​ជនដៃដល់​។​ ​មន្ត្រី​នគរបាល​ដដែល​បាន បញ្ជាក់ថា ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ខឹម ភក្តី ដែលជា ម្ចាស់​កាំភ្លើង​បាន​មុនគេ ។​

​ក្រោយ​ការបញ្ចប់ សួរនាំ ជនសង្ស័យ​រួចមក និង​មាន​ការចូល​មក​បំភ្លឺ របស់​មន្ត្រីនគរបាល ឃុំ​ស្រែ​ឈូក កម្លាំង​នគរបាល បាន​ឈាន​ទៅដល់​ការចាប់ខ្លួន ជនដៃដល់ ឡា ណ​រ៉ុង តែម្តង​។ បើ​តាម​ការបញ្ជាក់ របស់​មន្ត្រីនគរបាល​ដដែល ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ​ទាំង​នេះ បាន​បោះ​កាំភ្លើង​ហើយ​បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច បាននិងកំពុង ធ្វើ​ការសួរនាំ និង​ស្រាវជ្រាវ​បន្តទៀត​។​
​លោក ឧត្តមសេនីយ៍ ស្នងការ​ខេត្ត​ក្រចេះ បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត អភិបាល​ស្រុក​ស្នួល ព្រមទាំង​មន្ត្រីនគរបាល​ពាក់ព័ន្ធ ដែល​រួម​គ្នា​ចូលរួម សហការ​រហូត​ឈាន ដល់​ការចាប់ខ្លួន ជនសង្ស័យ​ទាំង​នេះ យក​មក​ផ្ទន្ទាទោស តាម​ផ្លូវច្បាប់​។​

សូមបញ្ជាក់​ថា ជនរងគ្រោះ​តាំង ទ្រី រួម​ជាមួយ​អ្នកកាសែត មួយចំនួនទៀត កាលពី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៤ បាន​ធ្វើដំណើរ ចូលទៅ​ក្នុង​ព្រៃ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្នុង​គោលបំណង យក​ព័ត៌មាន​ពីបទ ល្មើស​ឈើ ស្រាប់តែ​ត្រូវ​ជនល្មើស​ខាងលើ បាញ់សម្លាប់​តែម្តង ខណៈ​ជនរងគ្រោះ​កំពុង តែ​ជាប់ផុង​រថយន្ត នៅ​ក្រោយ​គេ​៕

Pheak-00076 Pheak-00077