អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ស្ទើរតែ​ទាំងស្រុង នៅ​សង្កាត់​ស្ទឹងមានជ័យ​

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​ប្រមាណ​៦​និង​០០​នាទី ល្ងាច​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង លេខ​១០៧២ ដែល​សង់​ឡើង​ពី​ថ្ម​ប្រក់​សង្ក​សី ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ជា​ង​៦០% ដោយសារ​ទុស្សេ​ចរន្ត​អគ្គីសនី  នៅក្នុង​ក្រុម​ទី​៤ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​    ​
ម្ចាស់ផ្ទះ​មានឈ្មោះ លី សេងគាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ ហើយ​បច្ចុប្បន្ន​បាន​ជួល​ទៅអោយ​ឈ្មោះ ស្រី​ពៅ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ពោត​។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ ទាក់ទិន​នឹង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ​មាន​ផ្សែង​ចេញ​មក​ខាងក្រៅ ខណៈ​ឈ្មោះ ស្រី​ពៅ ដែលជា​អ្នក​ជួល​ផ្ទះ​មិន​បាន​នៅផ្ទះ ព្រោះ​ជាប់រវល់​ទៅ​លក់​ពោត លុះ​មកដល់​វេលា​កើតហេតុ​ស្រាប់តែ​ប្រទះឃើញ​អណ្តាតភ្លើង​ឆាបឆេះ បង្ក​ឲ្យ​ការផ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ងាធរ​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ភ្លាមៗ និង​ប្រើបាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា ដោយ​មិន​បាន​រាលដាល​ដល់​លំនៅឋាន​ដទៃទៀត​។​
​    ​
ក្នុងនោះដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣ គ្រឿង​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ប៉ុន្តែ​សមត្ថកិច្ច​ប្រើ​អស់​តែ​១​គ្រឿង ប៉ុណ្ណោះ ក្នុងការ​បាញ់​ពន្លត់​អណ្តាតភ្លើង​។ ហើយ​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើនេះ មិន​បាន​រាលដាល​ដល់​លំនៅឋាន​ដទៃ​នោះ ទេ គ្រាន់តែ​ខូចខាត​ទ្រព្យ​មួយចំនួនធំ​តែប៉ុណ្ណោះ ដោយសារ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា កម្លាំង​អាវុធហត្ថ ក្រោម​ការដឹកនាំ​កម្លាំង និង​បញ្ជារ​ផ្ទាល់​ពី​សំណាក់​លោក​ជឹម ស៊ីថា អធិការ​ស្តីទី និង​លោក​សេង សាញ់​ចៅសង្កាត់​ស្ទឹងមានជ័យ ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​អោយ​រលត់​សូន្យសុង​ទៅវិញ​ភ្លាមៗ​តែម្តង ។​

​ចំពោះ​ទំហំ​នៃ​ការឆាបឆេះ គឺ​ប្រមាណ​ជាង​៥០% តែប៉ុណ្ណោះ​។ នេះ​សំណាង​ហើយ​ដែល​ការឆាបឆេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច ចំណែក​ផ្លូវ​ច្រកចូល​ក៏​ធំ ងាយស្រួល​សម្រាប់ កម្លាំង​សមត្ថកិច្ច និង រថយន្ត​ពន្លត់​អគ្គិភ័យ ចូលទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​បាន​ទាន់​ពេលវេលា​មិន​បណ្តាល​ឲ្យ​រាលដាល​ដល់​លំនៅឋាន​ដទៃទៀត បើ​មិន​ដូច្នោះ​ទេ​មិនដឹងថា មាន​លំនៅឋាន​ប៉ុន្មាន​ខ្នង​ទៀត​នោះ​ទេ​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​។​

​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ បាន​អំពាវនាវ​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​បង្កើន​ការយល់​ដឹក​ខ្ពស់​អំពី មូលហេតុ ក៏​ដូច​ជាកត្តា​ផ្សេងៗ ដែល​អាច​បង្ក​អោយមាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ព្រោះ​វា​តែងតែ​ធ្វើអោយ​ខាតបង់​ទ្រព្យសម្បត្តិ ពេលវេលា និង​អាច​បណ្តាលឲ្យ​មាន​មនុស្ស​រង​របួស​និង ស្លាប់​ដូច​ករណី​អគ្គិភ័យ​ផ្សេងៗ ដែល​ធ្លាប់​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ​នា​ពេលកន្លងមក​៕
photo 1(3) DSC00073 photo 2(1) DSC00066 DSC00065