ខណ្ឌមានជ័យ​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២​សង្កាត់ ក្នុង​មូលដ្ឋាន​

ភ្នំពេញ ៖ ក្រុមប្រឹក្សា​ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤​នេះ បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​លើក​ទី​១ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចំនួន​២ ក្នុងនោះ​មាន​សង្កាត់​បឹងទំពុន និង សង្កាត់​ស្ទឹងមានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ព្រមទាំង​មន្ត្រី ការិយាល័យ​ចំណុះ​ជំនាញ មន្ត្រី​សាល​ខណ្ឌ និង​សមាជិក​ចូលរួម ប្រមាណ​៣០០​នាក់  ។​

ក្នុង​វេទិកាសាធារណៈ​ខាងលើ​នេះ​ដែរ ប្រជាជន​ដែល​ពីរ​សង្កាត់ បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម មួយចំនួនធំ ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន បញ្ហា​អភិវឌ្ឍន៍​មូលដ្ឋាន បញ្ហា​ស្ថាបនា​ផ្លូវ ប្រព័ន្ឋ​លូ សៀវភៅ​ស្នាក់នៅ ល្បែង​កន្ទុយលេខ និង​បញ្ហា​ចេញ ប័ណ្ណ​កម្ម​សិទ្ឋិ របស់​ប្រជាជន​ចំនួន​១៥០​គ្រួសារ នៅ​សង្កាត់​បឹងទំពុន ដោយ​ចោទ​ជា​ចំនួន​សួរ​ផ្ទាល់មាត់​ទៅកាន់​គណៈ​អភិបាលខណ្ឌ ដែល​សំនួរ​ផ្ទាល់មាត់​មាន​១៧​សំនួរ និង ៥៣​សំនួរ​ផ្សេងទៀត​ជាការ​ស​សេរ​លិខិត ( សំបុត្រ ) ។​

ពាក់ព័ន្ឋ​នឹង​ការលើកឡើង របស់​ប្រជាជន​ខាងលើ​នេះ​ដែរ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ឡើង​លើ​វេទិការ ថ្លែង​អំពី​បញ្ហា​ប្រឈម​របស់​ប្រជាជន​ដែល​បាន​ចោទសួរ និង​ដាក់សំណើរ​សុំ​អោយ​មន្ត្រី​មូលដ្ឋាន​ជួយ​ដោះស្រាយ ។ ហើយ​លោក​ក៏​បាន​ដាស់តឿន និង ជំរុញ​ដល់​ចៅសង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ បង្កើន​ការយកចិត្តទុកដាក់ អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពេល​ដែល​ពួកគាត់​ជួប​ទុក្ខលំបាក ជាពិសេស​ដូចជា​បញ្ហា​មួយចំនួន​ដែល​បងប្អូន​បាន​លើកឡើង​ខាងលើ ។​

លោក អែម សុខ​លាង បាន​លើកឡើង​ថា ក្រុមប្រឹក្សា​មាន​តួនាទី ចាត់ចែង​កិច្ច​ការ​ចាំបាច់​នានា ដើម្បី សម្រេច​នូវ​គោលបំណង ក្នុង​ការបង្កើន​ការជំរុញ និង​ការធ្វើឲ្យ​មាន​ចីរភាពដ​ល់​ការអភិវឌ្ឍ​ន៍ តាមបែប ប្រជាធិបតេយ្យ ព្រមទាំង​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច ដែល​បាន​ធ្វើ​ប្រតិភូកម្ម​តាមច្បាប់​។ លោក អែម សុខ​លាង បាន​បន្តទៀតថា ការរៀបចំ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នាពេលនេះ គឺជា​ការ បង្ហាញ​អំពី​គណនេយ្យភាព របស់​ក្រុមប្រឹក្សា​ខណ្ឌ និង ប្រជាពលរដ្ឋ​ជាងនេះទៅទៀត ក៏​ជា​ឱកាស​ឲ្យ ក្រុមប្រឹក្សា សង្កាត់ ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​បាន​ដឹង នូវ​សមិទ្ធិផល នៃ​កិច្ចខិតខំ​ប្រឹងប្រែង អនុវត្ត​តួនាទី​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ក្នុង​ឆ្នាំ​២០១៤ ។

វេទិកា​នេះ ក៏​មាន​ពេលវេលា សម្រាប់​ផ្តល់​ឱកាស​ដល់​ក្រុមប្រឹក្សា​សង្កាត់ ប្រជាពលរដ្ឋ និង​អ្នកចូលរួម ទាំងអស់ លើក​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ប្រធានបទ និង​មាន​ការ​ស្រាយ​បំភ្លឺ​ពី​អ្នកពាក់ព័ន្ធ​ផងដែរ ៕