ឈ្មួញ​ជា​សែ​ស្រ​ទ្បាយ អ្នកមានអំណាច នាំ​ម៉ូតូ​ស៊េរី​ទំនើបៗ អត់​ពន្ធ ចូល​តាម​ច្រក​ទំនប់រលក​

​វិធានការ​កែទម្រង់រ​បស់​ស្ថាប័នគយ​ត្រូវ​បរាជ័យ ព្រោះ​បច្ចុប្បន្ននេះ​សកម្មភាព​នាំ​ចូល​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ដោយសារ​សមត្ថកិច្ច​គ​យ នៅ​តាម​ច្រកព្រំដែន និង​ច្រក​សេដ្ឋកិច្ច​នានា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​។ ជាក់ស្តែង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​តំបន់​ទំនប់រលក បានឲ្យដឹងថា ម៉ូតូ​ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ​២០១២ និង​២០១៣ កំពុង​ត្រូវ​គេ​នាំ​ចូល​តាម​ច្រក​ទំនប់រលក​ខេត្ត​ព្រះសីហនុ​យ៉ាង​ពេញបន្ទុក ហើយ​ពុំមាន​ការបង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​នោះទេ​។ ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា មេ​ឈ្មួញ​ធំៗ​៣​នាក់ បាន​ឃុបឃិត​គ្នា ជាមួយ​សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ទំនប់រលក ទើប​អាច​នាំ​ម៉ូតូ​គេច​ពន្ធ​ចូល​តាម​ច្រក​នេះ​យ៉ាង​រលូន​។​

​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​នៃ​ច្រក​ទំនប់​រលក​បានឲ្យដឹងថា ការនាំ​ចូល​ម៉ូតូ​ស៊េរី​ទំនើបៗ តាម​ច្រក​ទំនប់រលក​នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ហើយ​មិន​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ បើទោះបី​លោក គុណ ញឹម ត្រូវបាន​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ជំនួស​លោក ប៉ែន ស៊ីម៉ន ដែល​ត្រូវ​ចូលនិវត្តន៍​រួច​ទៅ​ហើយ​ក៏​ដោយ ក៏​អគ្គនាយក​គយ​ថ្មី ហាក់ដូចជា​មើលរំលង​ការនាំ​ចូល​ម៉ូតូ​គេច​ពន្ធ​តាម​ច្រក​កំពង់ផែ​ទំនប់រលក​យ៉ាង​ពេញបន្ទុក​។

​បញ្ហា​នេះ​លោក គុណ ញឹម ត្រូវ​ពិនិត្យ​ទ្បើង​វិញ​ជាបន្ទាន់ ព្រោះ​ការ​នាំចូល​ម៉ូតូ​អត់​ពន្ធ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ទំនប់​រលក​បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​កំពង់ផែ​ទំនប់​រលក​បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ​ទាំង​៣​នាក់ ដែល​នាំចូល​ម៉ូតូ​ស៊េរី​ទំនើបៗ​គេច​ពន្ធ​តាម​ច្រក​ទំនប់រលក​នោះ សុទ្ធតែ​មាន​សែ​ស្រទ្បា​យ​ជា​មន្ត្រីជាន់ខ្ពស់ ទើប​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាក់ស្តែង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ច្រក​កំពង់​ផែ​ទំនប់រលក មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ទ្បើយ គឺ​បាន​ត្រឹមតែ​ទទួល​ផលប្រយោជន៍​ពី​ពួកគេ ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ហ៊ាន​ហើបមាត់​។
​បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ម៉ូតូ​គេច​ពន្ធ​នៅតែ​បន្ត​ហូរ​ចូល​តាម​ច្រក​ទំនប់រលក​ដូច​មុន​ដដែល​៕

​ដោយ​៖ មនសិការ​ខ្មែរ
ម៉ូតូគេចពន្ធ