អ្នក​ភូមិ​បឹងកក់ ២​គ្រួសារ ត្រូវបាន​អាជ្ញាធរ​ចុះ​វាស់វែង ប្រគល់​ដី​ឱ្យ​

ភ្នំពេញ​៖ អ្នក​ភូមិ​បឹងកក់​ចំនួន ២​គ្រួសារ ក្នុងចំណោម​ពលរដ្ឋ​ជាង ២០​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​កន្លងមក ត្រូវបាន​អាជ្ញាធរ​រួមទាំង​មន្ត្រី​ពាក់ព័ន្ធ ចុះ​វាស់វែង​ដីធ្លី ប្រគល់ជូន​ពួកគេ​វិញ​ហើយ នៅក្នុង​តំបន់​បឹងកក់​កាលពី​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤​នេះ ។​

​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា ការផ្តល់​ដី​ឱ្យ​គ្រួសារ​ទាំង​២​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ពួកគេ បាន​យល់ព្រម​សម្របសម្រួល​ជាមួយ​អាជ្ញាធរ ។

​លោក​បាន​មានប្រសាសន៍ថា “​យើង​បាន​ចុះ​វាស់វែង​ឱ្យ​ពួកគេ (​អ្នក​ភូមិ​បឹងកក់​) ២​គ្រួសារ ក្រោយពេល​ដែល​យើង​បាន​ពិភាក្សា យើង​សម្របសម្រួល​គ្នា​បាន​ប៉ុណ្ណា យើង​ដោះស្រាយ​ប៉ុណ្នឹង ។ នេះ​ជា​ការងារ​របស់​យើង​ហើយ យើង​អត់​រង់ចាំ​ទាល់តែ​គ្រប់​(​គ្នា​) នោះទេ បាន​មួយ​ធ្វើ​មួយ បាន​ពីរ ធ្វើ​ពីរ​” ។​

​បើ​តាម​សេចក្តីរាយការណ៍ ពី​សមាគម​អាដហុក នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​រសៀល នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៤ បានឱ្យដឹងថា អ្នក​ភូមិ​បឹងកក់ ដែល​ទទួលបាន​ដី ពី​អាជ្ញាធរ​នេះ​រួម​មាន​គ្រួសារ របស់​លោកយាយ​ង៉ែត ខុន ហៅ ម៉ា ម៉ី និង គ្រួសារ​របស់​លោកស្រី គឹម វ៉ាន់​នី​។ គ្រួសារ​លោកយាយ​ង៉ែត ខុន ហៅ ម៉ា ម៉ី ដែល​សកម្ម​ក្នុង​ការតវ៉ា កន្លង​មក​ទទួល​បាន​ដី​ទំហំ ៨​ម៉ែត្រ គុណ ១៨​ម៉ែត្រ​។ ចំណែក​គ្រួសារ​ឈ្មោះ គឹម វ៉ាន់​នី ទទួលបាន​ដី​៥,៦​ម៉ែត្រ​៦០ គុណ ២៦,៥​ម៉ែត្រ ។​

​ប្រភព​ដដែល​នេះ បាន​រាយការណ៍​ទៀតថា ខណៈ​ចុះ​វាស់វែង​ដីធ្លី​ជូន​ពួកគេ​ទាំង ២​គ្រួសារ​នេះ ក៏​មាន​អ្នកភូមិ​បឹងកក់ មួយចំនួនទៀត ដែល​មាន​បញ្ហា​ដីធ្លី​ដូចគ្នា មក​តវ៉ា​ផងដែរ ។​

​ទោះជា​យ៉ាងណា ពលរដ្ឋ​បឹងកក់ ជាង​២០​គ្រួសារ​ទៀត មិនទាន់​ទទួលបាន​ដីធ្លី​នៅ​ឡើយ ខណៈ​អាជ្ញាធរ​នឹង​បន្ត​ព្យាយាម​ដោះស្រាយ​។ នេះ​បើ​តាម​ការបញ្ជាក់ របស់លោក ឡុង ឌី​ម៉ង់ ។​

​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ របស់​អ្នកភូមិ​បឹងកក់ បាន​កើតឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុនស៊ូ​កាកូ​អ៊ីន ធ្វើការ​អភិវឌ្ឍន៍​តំបន់​បឹង​កក់ ចាប់តាំងពី​ឆ្នាំ​២០០៨​មក ក្នុងនោះ បណ្តាល​ឱ្យ​មាន​ការតវ៉ា ជា​បន្តបន្ទាប់​រហូត​មក ៕
d18571