ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ឡិច​ស៊ិស បុក​រ៉ឺម៉ក់​កង់​បី ពីក្រោយ​បណ្តាលឲ្យ​មនុស្ស​ប្រុស​ស្រី​៦​នាក់ រងរបួស​ធ្ងន់​ស្រាល​

​ភ្នំពេញ​៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ ម្នាក់​រងរបួស​ធ្ងន់ ស្រាល បន្ទាប់ពី​ពួកគេ​ជិះ​រ៉ឺម៉ក់​កង់​បី មួយគ្រឿង ហើយ​ត្រូវ​រថយន្ត​ឡិច​ស៊ិស  RX300 ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បើក​បុក​ពីក្រោយ​ពេញទំហឹង អូស​ខ្ទាត​ជាង ២០​ម៉ែត្រ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៦៦ ជាប់​របង​ក្រសួងមហាផ្ទៃ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២១ និង ០០​នាទី​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤​។​
​    ​
ក្មេងស្រី​ដែល​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ មានឈ្មោះ អា​ពី អាយុ​៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។ ចំណែក​មនុស្ស​៥​នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល​មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេត ឃើញ មនុស្ស​មួយ​ក្រុម មាន​ក្មេង និង​ចាស់ ចំនួន​៦​នាក់ ជិះ​រ៉ឺម៉ក់​កង់​បី​មួយគ្រឿង ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៤៦៦ ទិសដៅ​ពី​កើត​ទៅ​លិច ឌុប​គ្នា​ជា​លក្ខណៈ​គ្រួសារ  លុះ​មកដល់ ចំណុចកើតហេតុ ស្រាប់តែ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិស  RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-3127 បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ក្នុង​ទិសដៅ​ស្របគ្នា​ជាមួយ​រ៉ឺម៉ក់​កង់ បី ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​បុក​រ៉ឺម៉ក់​កង់​បី ពីក្រោយ​ពេញទំហឹង បណ្តាលឲ្យ​មនុស្ស​៥​នាក់ រួមទាំង​អ្នក​បើក​រ៉ឺម៉ក់ ត្រូវ​ខ្ទាត​ចេញពី​រ៉ឺម៉ក់ រងរបួស​ធ្ងន់​ក្មេងស្រី​ម្នាក់ និង​ស្រាល​៥​នាក់ ចំណែក​រ៉ឺម៉ក់​ត្រូវ​អូស​ជាង ២០​ម៉ែត្រ រង​ការខូចខាត​យ៉ាងដំណំ រីឯ​រថយន្ត​បង្ក​ជ្រុល​ល្បឿន​ទៅបុក ដើម​ដូង បន្តដំណើរ​ទៅ​មុខ​លែងរួច​។

ដោយសារតែ​ទង្វើ​របស់​ជនជាតិ​ចិន​ខាងលើ ដែល​មិន​បាន​គិតគូរ​ពី​អាយុជីវិត​អ្នកដទៃ ហើយ​បង្ក​អោយមាន​មនុស្ស​រងរបួស​ធ្ងន់​និង ស្រាល​ជាច្រើន​នាក់ អ្នកដំណើរ​ក៏ដូចជា​អ្នក​ដែល​រស់នៅ ជិត​កន្លែងកើតហេតុ ឃើញ​ហេតុការណ៍​ដូចនេះ​ក៏​នាំគ្នា​ស្ទុះ​ទៅ​ព្រួត​វាយ​បុរស​ជា​ម្ចាស់​រថយន្ត​បង្ក ម្នាក់​មួយ​ដៃ មួយ​ជើង បណ្តាលឲ្យ​រងរបួស​បែកមុខ​បែក មាត់​។ ហើយ​ប្រជាពលរដ្ឋ​បាន​និយាយថា ការធ្វើ​បែប​នេះ​មិនមែន ជា​ទង្វើ អសីលធម៌​ទៅលើ​មនុស្ស​ដែល​មិន​ខ្វល់​ពី​អាយុ ជីវិត​អ្នក​ដទៃ​នោះទេ ជាពិសេស​គឺ​ជនជាតិ​ចិន​ខាងលើ​តែម្តង​។​

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង និង​ស្ទូច​យក​ទាំង​រ៉ឺម៉ក និង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕
1 2 3