រយៈពេល​៩​ខែ គ្រោះថ្នាក់​ចរាចរ កើតឡើង ៣៦៣៨​ករណី

​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ នៃ​គណៈកម្មាធិការ ជាតិ​សុវត្ថិភាព ចរាច​រណ៍ ផ្លូវគោក បានឱ្យដឹងថា រយៈពេល ៩​ខែ ឆ្នាំ​២០១៤​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ប្រមាណ ៣៦៣៨ ករណី​នៅ​ទូទាំង​ប្រទេស​។​

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) បានឲ្យដឹងថា យោងតាម​របាយការណ៍ គណៈកម្មាធិការ ជាតិ សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​បាន​បង្ហាញថា ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០១៤​នេះ មាន​គ្រោះថ្នាក់ ចរាច​រណ៍ កើតឡើង​ប្រមាណ​៣៦៣៨​ករណី​នៅ​ទូទាំង​ប្រទេស ក្នុងនោះ ស្លាប់​ចំនួន​១ ៦៣០​នាក់ របួស​២ ៥៤៧​នាក់ និង​របួសធ្ងន់​ចំនួន​៣ ៤៧៦ នាក់​។​

ក្នុង​សិក្ខាសាលា​ស្ដី​ពី​កត្ដា​ហានិភ័យ លើ​ការបើកបរ​មិន​ពាក់​មួកសុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៤ នៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ អន្ដរជាតិ លោក ឈួន វ៉ន អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា បច្ចុប្បន្ននេះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា គឺជា​កត្តា​ហានិភ័យ​មួយ ដែល​ប្រឈមមុខ​យ៉ាង ខ្លាំង បង្កឡើង​ដោយសារ​កត្ដា​មនុស្ស កត្ដា​ផ្លូវថ្នល់ និង​កត្ដា​យានយន្ដ​។ ក្នុងនោះ​កត្ដា​មនុស្ស​មាន​រហូត​ដល់ ៩៦​ភាគរយ ដែល​ភាគច្រើន​កើត​មក​ពី​ការបើកបរ​ហួស​ល្បឿន​កំណត់ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​

​លោក​បន្ដថា ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាច​រណ៍ ផ្លូវគោក​បាន​ខិតខំ​ផ្សព្វផ្សាយ និង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​នានា ក្នុង​ការពង្រឹង​ធ្វើយ៉ាងណា ឱ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង និង​កាត់បន្ថយ​អត្រា​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​កម្រិត ទាប​បំផុត​។​

លោក ឈួន វ៉ន បន្ដទៀតថា ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បានចែង​អំពី​ការដាក់ទោសទណ្ឌ ការ​ផាក ពិន័យ​ដល់​អ្នកបើកបរ ដែល​មិន​ពាក់មួក​សុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នកជិះ​ពីក្រោយ ពិសេស ការកំណត់​អំពី​ល្បឿន នៃ​ការបើកបរ ហើយ​នៅពេល​ដែល​ច្បាប់​ថ្មី​ចេញ​វា​នឹង ជួយ​ចូលរួមចំណែក កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​៕

photo 4