ឃាត់ខ្លួន យុវជន​ម្នាក់ ក្រោយ​រំលោភ មិនបាន​សម្រេច

ភ្នំពេញ : យុវជន​ម្នាក់ ត្រូវ​ជនរងគ្រោះ និង​អ្នកភូមិ​ចាប់វាយ​ឡើង​ទ្រោម​ខ្លួន មុន​បញ្ជូន​ទៅឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​យុវជន​រូប​នេះ ផឹកស៊ី​ស្រវឹង​ដាប ហើយ​បាន​ចូល​ស្ទាបអង្អែល​ទៅលើ​ស្ត្រី​រងគ្រោះ ដែល​កំពុង ដេក​ក្នុង​មុង​ជាមួយ​កូន តែ​ត្រូវ​ស្ត្រី​រងគ្រោះ​ដឹងខ្លួន​ទាន់ ខណ​:​ចាប់​ប៉ះ​ដៃ​ជនសង្ស័យ មិនមែន​ជា​ប្តី​របស់ ខ្លួន ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង ។​
​ហេតុការណ៍​រំលោភ មិនបាន​សម្រេច​នេះ កើតឡើង កាល​វេលា​ម៉ោង ២៤​យប់ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

​អធិការរង ខណ្ឌ​ច្បារអំពៅ លោក ម៉ៅ សឿត បានបញ្ជាក់​ថា ជនសង្ស័យ​ក្នុង​ករណី រំលោភ​មិនបាន សម្រេច​ឈ្មោះ សុខ រ៉ាវី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិប្ញ​ស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ។ ចំណែក​ស្ត្រី​រងគ្រោះ ឈ្មោះ ឡាំ ចិន្តា អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​កន្លែងកើតហេតុ និង​មានប្តី ព្រម​ទាំ​មានកូន​ប្រុស​ម្នាក់​ផង​ដែរ ។​

​យោងតាម​ការរៀបរាប់ របស់​ស្ត្រី​រងគ្រោះ បាន​និយាយថា តាំង​ពី​ព្រលប់ ខ្លួន និង​ប្តី ព្រមទាំង​ជន សង្ស័យ ក្រោយ​ពី​ហូបបាយ​ជាមួយ​គ្នា​រួច ប្តី​ខ្ញុំ​បាន​ឡើង​លើ​មករក​កាហ្វេ​ផឹក ចំណែក​ខ្ញុំ ក៏​បាន​ចូលដេក ក្នុង​មុង លុះដល់​ម៉ោង​ប្រហែល ១២​យប់ ស្រាប់តែ​មាន​ដៃ​រាវ លើ​ខ្លួន​ប្រាណ​ខ្ញុំ និង​រក​ស្រាតខោ​ខ្ញុំ ពេលនោះ​ខ្ញុំ​ក៏​ចាប់​ដៃ​ដោយ ស្មាន​តែ​ប្តី ប៉ុន្តែ​ស្រាប់តែ​ប៉ះ​ចិញ្ចៀន ខ្ញុំ​ក៏​ស្រែក​ឆោឡោ​ឡើង ពីព្រោះ​ប្តី ខ្ញុំ​មិន​ពាក់ចិញ្ចៀន​ទេ ទើប​ដឹងថា ជា​ឈ្មោះ សុខ រ៉ាវី ហើយ​ប្តី​ខ្ញុំក៏​មក​ដល់ ឃាត់ខ្លួន​តែម្តង ។​

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួន មក​ឃុំ​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕
T-0072