ប្រកាសតែងតាំងអធិការខណ្ឌថ្មី២រូប នៃរាជធានីភ្នំពេញចូលកាន់តំណែង

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ហង្ស មុនី អត្តលេខ១៣១៦២ ទទួលបានមុខតំណែងថ្មី ពីអធិការរងនគរបាលខណ្ឌសែនសុខ ទៅជាអធិការនគរបាលខណ្ឌខណ្ឌកំបូល និង លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អត្តលេខ១៧៥២៦ ទទួលបានមុខតំណែងថ្មី ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ ។

លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា ក្រៅពីពិធីប្រកាសតែងតាំង អធិការនគរបាលខណ្ឌទាំង២រូបនេះ ក៏មានការប្រកាសតែងតាំងនិងប្រគល់ភារកិច្ចថ្មី ព្រមទាំងបំពាក់ឋាន្ដរស័ក្ដិជូនដល់មន្ដ្រីនគរបាលជាច្រើននាក់ផ្សេងទៀត មានថ្នាក់វរសេនីយ៍ឯក ថ្នាក់វរសេនីយ៍ទោ ថ្នាក់វរសេនីយ៍ត្រី ថ្នាក់អនុសេនីយ៍ឯក និង ថ្នាក់អនុសេនីយ៍ទោ ជាដើម ។

ស្នងការរាជធានីភ្នំពេញ បន្តថា “ខ្ញុំបានជំរុញឱ្យមន្ដ្រីនគរបាលនគរបាល ជាពិសេសអធិការ នគរបាលខណ្ឌទាំង២រូប ត្រូវខិតខំបំពេញការងារតាមបទបញ្ជាថ្នាក់លើ តបទៅនឹងអ្វីដែលទទួលបានការតែងតាំងនេះ“។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ហង្ស មុនី និង លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ បានបំពេលការងារជាង៣០ឆ្នាំ មកហើយ ចាប់ពីមន្ត្រីប៉ុស្តិ៍ ប្រធានក្រុម នាយរងប៉ុស្តិ៍ នាយប៉ុស្តិ៍ និង ជាអធិការរង៕