ផ្កាយ៣ ស ថេត ៖ បញ្ឈរជើងនគរបាលពាក់ស័ក្តិ៣ ខណ្ឌមានជ័យម្នាក់

ភ្នំពេញ៖ ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ស្នងការ នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញលិខិតបង្គាប់ការផ្អាក់ការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក សឹម ប៊ុនធឿន តួនាទីនាយរងផ្នែកការពារ និងអន្ដរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមូលហេតុផាក់ពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់ ។

សូមជម្រាបថា សកម្មភាពមន្ដ្រីនគរបាលនៅខណ្ឌមានជ័យម្នាក់ ដែលត្រូវបានពលរដ្ឋលួចថតបង្ហោះតាមបណ្ដាញសង្គមFacebook ដែលធ្វើឲ្យមានការចែកចាយព្រោងព្រាតដោយសារចាប់ផាកពិន័យ មិន បានចេញបង្កាន់ដៃត្រឹមត្រូវនោះ ត្រូវបានផ្អាកពីការងារជាបណ្ដោះ អាសន្ន ។

លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ស្នងការរងនគរបាលទទួលសេនាធិការ ក៏បានបញ្ជាក់បន្ថែមថា ក្រោយទទួលបានព័ត៌មាន និងវីដេអូនេះភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យចុះស្រាវជ្រាវ ហើយនាំខ្លួនមន្ដ្រីនគរបាលស័ក្ដិ៣រូបនេះ មកសួរនាំនៅការិយាល័យបុគ្គលិក។

បើតាមលោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ វិធានការផ្នែករដ្ឋបាល ទៅលើមន្ដ្រីនគរបាលដែលទោសកំហុសបែបនេះ ទី១៖ផ្អាកការងារជាបណ្ដោះអាសន្ន, ទី២៖បន្ថយស័ក្ដិ និងទី៣៖ដកស័ក្ដិចោលទាំងអស់ ។ យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ស្នងការ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ។ ជាមួយគ្នានេះ ក្នុងនាមគណៈស្នងការ លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ក៏សូមអំពាវនាវ និងជំរុញឲ្យមន្ដ្រីនគរបា ល អនុវត្តច្បាប់ទាំងអស់ ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព តាមច្បាប់ទម្លាប់ត្រឹមត្រូវ ហើយការផាកពិន័យយានយន្ដ ឬទោចក្រយានយន្ដ ត្រូវមានបង្កាន់ដៃឲ្យទៅប្រជាពលរដ្ឋវិញ ។

ក្នុងលិខិតរបស់លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា មន្ដ្រីនគរបាលរូបនេះ ត្រូវមកបង្ហាញ មុខនៅការិយាល័យបុគ្គលិក រៀង រាល់ម៉ោងធ្វើ ការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការស ម្រេចជាថ្មី ៕