Update ៖ អាវុធហត្ថនាំឃាតករទៅចង្អុលបង្ហាញ កន្លែងបោះសាក សពជាកង់ៗចូលទឹកទន្លេ

ភ្នំពេញ៖ បន្ទាប់ពីអាវុធហត្ថខណ្ឌដូនពេញសហការណ៍ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ នឹង បំបែកសំណុំរឿង ឃាតកម្មដែលជនដៃដល់បានសម្លាប់រួចកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ នៅព្រឹកថ្ងៃទី១១ ខែមិ ថុនា ឆ្នាំ២០១៩ បាននាំខ្លួនស្ដ្រីម្នាក់ជាឃាត ករទៅចង្អុលបង្ហាញ កន្លែងដែលយកសាកសព បោះចូលក្នុងទន្លេ ។

សូមជម្រាបថា ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតាំងពីយប់មិញ។ ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មាន ការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញ ក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូត មកដល់ម៉ោងកើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះដោយមិនដឹងមូលហេតុ ។

ចំពោះមូលហេតុដែលឈានដល់ការកាប់សម្លាប់ជនរងគ្រោះយ៉ាងសាហាវឃោឃៅបែបនេះ ដំណឹងយប់មិញ នឹងផ្សាយព័ត៌មានលម្អិត ជូនពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថភ្នំពេញស៊ើបសួររួច ៕