បន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើវាសនាស្ដ្រីដែលដេញបាញ់ព្រះសង្ឃក្នុងវត្តសារ៉ាវ័ន្ដ

ភ្នំពេញ៖ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការ ស៊ើបសួរដេញដោលដោយសម្រេចជាផ្លូវការ ចោទប្រកាន់លើស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់អាវុធដោយខុសច្បាប់ ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជូនខ្លួនស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងអាវុធខ្លី ទៅតុលាការដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ពាក់ពន្ធ័ករណីបាញ់ចំនួន២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត ស្ថិតក្នុងកុដិលេខ២៣។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦ និង ១៥នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅ ក្នុងវត្តសារ៉ាវ័ន្ត ក្នុងកុដលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ដ្រីជនបង្កឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលជាន់ទី៤ ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិព្រែកដូងហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ៣២ឆ្នាំ មុខរបរព្រះសង្ឃ គង់នៅវត្តសារ៉ាវ័ន្ត កុដ្ឋលេខ២៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា សំណុំរឿងនេះនឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើវាសនាជនត្រូវចោទរូបនេះ ថាតើអាចរួចខ្លួន ឬគេចមិនផុតពីត្រូវឃុំខ្លួនដាក់ពន្ធនាគារ?