ស្លាប់មនុស្ស១១នាក់​ និង របួស២នាក់​ ក្នុងករណីគ្រោះចរាចរណ៍​ រវាងរថយន្ត៣គ្រឿងបុកគ្នា​ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ​៖​ មនុស្ស១១នាក់​ និងរបួស២នាក់​ បានស្លាប់ក្នុងករណីគ្រោះចរាចរណ៍​ រវាងរថយន្ត៣គ្រឿងបុកគ្នាក្នុងនោះបណ្តាលអោយរថយន្ត ២គ្រឿងឆេះ​ នៅគីឡូម៉ែត្រលេខ៨៥​-៨៦​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ព្រលប់ថ្ងៃទី៨​ ខែមិថុនា​ ឆ្នាំ​២០១៩។

លោកឧត្តមសេនីយ៍ត្រី​ តាប់​ លន​ ស្នងការរងនគរបាលកំពង់ស្ពឺបានអោយដឹងថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីបង្កឡេីងដោយរថយន្តហាយឡែនឌ័រ​ ធ្វេីដំណេីរពីទិសខាងកេីតទៅទិសខាងលិច​ ពេលមកដល់ចំណុចកេីតហេតុរថយន្តហាយឡែនឌ័រ​បានវ៉ារថយន្តមួយគ្រឿង​ ក៏ជ្រុលទៅបុករថយន្តក្រុង២៤កៅអីរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ​ក្នុងទិសដៅបញ្ច្រាស់គ្នា​ ហេីយរថយន្តហាយឡែនឌ័រ​ ខ្ទាតទៅបុករថយន្តទូរីស​ ហេីយក៏ឆេះតែម្តង។

លោកឧត្តមសេនីយ៍ត្រី​ស្នងការរង​បន្តថា​ ក្នុងរថយន្ត ហាយឡែនឌ័រ​ ស្លាប់៦នាក់​ និងខាងរថយន្តក្រុង២៤កៅអី​ ស្លាប់៥នាក់ ​។ ក្រោយកេីតហេតុសមត្ថកិច្ចបានដឹកជនរងគ្រោះទៅព្យាបាល​ នឹងសម្រួលចរាចរណ៍នៅកន្លែងកេីតហេតុ​ ចំណែកសាកសពសមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារ​ ប៉ុន្តែក្នុងនោះមិនដឹងថាអ្នកស្លាប់មានជនបរទេសឬអត់ ៕