ប្រពន្ធរន្ធត់ណាស់ ! ពេលដឹងថាប្តីនិងកូន ត្រូវរថយន្តបុកកិនធ្លាយខួរស្លាប់ទាំង២

ខេត្តកណ្តាល៖ បុរសម្នាក់ ខណៈដែលកំពុងបើកម៉ូតូឌុបកូនប្រុសធ្វើដំណើរមិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្ត ១គ្រឿង បើកបុកបណ្តាលឲ្យដួលម៉ូតូ ហើយមានរថយន្តធុនធំ១គ្រឿងទៀត បើកតាមក្រោយជាន់ហ្វ្រាំងឈប់មិនទាន់ ក៏កិនជនរងគ្រោះថែម ធ្លាយខួរស្លាប់ទាំង២នាក់ឪកូន នៅកន្លែងកើតហេតុ គួរឲ្យរន្ធត់ជាទីបំផុត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ចម្លោះគីឡូម៉ែត្រលេខ២១-២២ ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។

ជនរងគ្រោះ ឈ្មោះពេជ្រ ឌីត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ មានទីលំនៅភូមិលាំងជ័យ ឃុំពោធិ៍ចម្រើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ពាក់មួកសុវត្តិភាព) បើកម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ- 8475 ឌុបកូនឈ្មោះឌីត សេងហាក់ ភេទប្រុស អាយុ៧ឆ្នាំ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូឌុបកូនប្រុសធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ មិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បានបុកជនរងគ្រោះពីក្រោយ បណ្ដាលឲ្យម៉ូតូដួលទៅលើទ្រូងផ្លូវ ហើយរថយន្តបង្កនោះបើកគេចបាត់ ស្របពេលដែលម៉ូតូដួល ក៍មានរថយន្ត១គ្រឿងទៀត ម៉ាកអាំងទែរណាស់សូណាល់ ពណ៌បៃតងលាយស ពាក់ស្លាកលេខ ភ្នំពេញ 3E-6214 មកដល់ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏កិនជនរងគ្រោះបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ទាំង២នាក់ គួររន្ធត់ពេកក្រៃ។ ចំណែក អ្នកបើកបររថយន្តបង្កយល់សភាពមិនស្រួលបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះទៅធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរបស់ជនបរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការបន្ត តាមនិតិវិធីច្បាប់។ ដោយឡែក សពជនរងគ្រោះឪកូន សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕