សិប្បកម្មរោងការ បង្កការរំខានដល់អ្នកជិតខាងរៀងរាល់យប់ , ពលរដ្ឋស្នើរដល់អាជា្ញធរចៅហ្វាយខណ្ឌចាត់វិធានការ

ភ្នំពេញ ៖ មានប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រិះគន់អាជ្ញាធរសង្កាត់ ខណ្ឌ មិនហ៊ានចាត់វិធានការលើទីតាំងសិប្បកម្មរោងការមួយកន្លែងបង្កការរំខានដល់អ្នកជិតខាងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះណែនាំនោះទេ។

បើតាមប្រភពពីប្រជាពលរដ្ឋបានដឹងថា រៀងរាល់ថ្ងៃសិប្បកម្មមួយនេះមានក្រុមកូនជាងធ្វើការទាំងយប់ទាំងថ្ងៃចាប់តាំងពីវេលាម៉ោង ៧ ព្រឹកដល់វេលាម៉ោង១២ យប់ រហូតដល់ម៉ោង២ រំលងអាធ្រាត សិប្បកម្មធ្វើរោងការខាងលើបានរើសរោងចេញពីកន្លែងពិធីមង្គលអាពាហ៍ពិពាហ៍ដែលគេជួលទៅរៀបចំ ហើយក្រុមជាងបាននាំគ្នាយករោងការដែលរើពីកន្លែងពីមុខរោងអាពាហ៍ពិពាហ៍ យកមកទម្លាក់ទុកនៅកន្លែងសិប្បកម្មខ្លួនវិញ ។

ប្រជាពលរដ្ឋបានបន្តទៀតថា ពេលដែលយកមកទម្លាក់នោះគឺសុទ្ធតែដែក ពេលទម្លាក់ឮសម្លេងខ្លាំងៗធ្វើឲ្យរំខានដល់ដំណេករបស់ពួកគាត់ជារៀងរាល់យប់ ប៉ុន្ដែទោះបីជាពួកគាត់រាយការណ៍អាជ្ញាធរមានសមត្ថកិច្ចសង្កាត់ក៏ដោយ តែម្ចាស់សិប្បកម្មមួយនេះនៅតែបន្ដសកម្មភាពបញ្ជាកូនចៅឲ្យយកសម្ភារៈមកទម្លាក់ទាំងកណ្ដាលយប់ រៀងរាល់ថ្ងៃតែម្ដង ។

សូមជម្រាបថា ម្ចាស់សិប្បកម្មជាមនុស្សក្រៅស្រុកដែលមកជួលដីគេធ្វើអាជីវកម្ម ហើយពេលទម្លាក់សម្ភារៈម្ដងៗ ម្ចាស់មិននៅក្បែរនោះទេ ទើបមិនដឹងថា ពួកកូនចៅរបស់ខ្លួនយកសម្ភារៈមកទម្លាក់ក្នុងឃ្លាំងបែបណា ធ្វើឲ្យមានការរំខានដល់អ្នករស់ជិតខាង ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹង មិនបណ្តែតបណ្តោយឲ្យទីតាំងសិប្បកម្មខាងលើនេះបង្កភាពអាណាធិបតេយ្យ ដល់ប្រជាពលរដ្ឋរស់នៅជិតខាងបន្តទៀតនោះឡើយ ៕