តើវាសនាលោកប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងម្នាក់បាញ់បោះសេរី អាចជាប់គុកទេ ?

ភ្នំពេញ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វាអន្តរជាតិដូងម្នាក់ សង្ស័យស្រវឹងស្រាខ្លាំងទាញកាំភ្លើងខ្លីបាញ់រះ ១៤គ្រាប់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នា ។ ហេតុការណ៍ ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអូដាលើ ឃុំបឹរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា៖ ជនសង្ស័យដែលបាញ់បោះដោយសេរី ឈ្មោះ នៅ លីដា ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង មានឋានៈជា វរសេនីយ៍ត្រី ដោយប្រើប្រាស់អាវុធខ្លី ធុន SIG SAUER។

ប្រភពបន្តថា៖ រហូតដល់ម៉ោង១១និង០០ នាទី យប់ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុក បានសហការ ជាមួយ កម្លាំងនគរបាលស្រុក ធ្វើការឃាត់ខ្លួនជនល្មើសបានភ្លាមៗផងដែរ។ ក្នុងពេលប្រតិបត្តការនោះសមត្ថកិច្ចដកហូតសម្ភារ: អាវុធខ្លី ១ដើម ដែលមានគ្រាប់ ក្នុងបង់ចំនួន៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ ចំនួន ១០៦ គ្រាប់ សម្បកគ្រាប់៩គ្រាប់ព្រមទាំង រថយន្តLexus300មួយគ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើសាកសួរតាមនិតិវិធីបន្ត ។

សូមរំលឹកថា ឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីប្រហែល៦- ៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយនឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ផងដែរ ។

កន្លងមកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ជា ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ តាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហើយនឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ផងដែរ បន្ទាប់ពីមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាតែម្ដង ចេញពីផ្ទះលេខ១១ បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ១០និង ២០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ។

មហាជនរងចាំមើលថា តើវាសនាលោក ប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិដូងម្នាក់ បាញ់បោះសេរី អាចជាប់គុកតាមច្បាប់ដែរឬទេ ?