ចាប់ខ្លួននគរបាលអន្ដោប្រវេសន៍ច្រកដូង ស្រវឹងស្រាដកកាំភ្លើងបាញ់ ១៤គ្រាប់

បាត់ដំបង ៖ នគរបាលអន្ដោប្រវេសន៍ ប្រចាំច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបងម្នាក់ ស្រវឹងស្រាជោគជាំបានដកកាំភ្លើងបាញ់បោះសេរីចំនួន ១៤គ្រាប់ បង្ក ការភ្ញាក់ផ្អើលដល់គេឯង និង សមត្ថកិច្ចមូលដ្ឋាន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង ៣០នាទី យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ខ្មាន់កាំភ្លើងដែលជាមន្ដ្រីនគរបាលនេះ ឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជា នាយផ្នែកនៃច្រកទ្វារអន្ដរជាតិដូង ហើយកាំភ្លើងដែលបាញ់បោះសេរីនេះ ម៉ាក Sig Sauer។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលមន្ដ្រីនគរបាលខាងលើ បង្កការបាញ់បោះសេរីរហូតដល់១៤គ្រាប់នេះ គឺស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។

ក្រោយបង្កហេតុខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕