បង្រ្កាបទីតាំងហ្គេមបាញ់ត្រីក្នុងសង្កាត់ទឹកថ្លា នៅឡើយហ្គេមបាញ់ត្រីដុះស្លែរាប់ឆ្នាំនៅផ្សារអ៉ីអន២ មិនទាន់ហ៊ានបង្ក្រាប

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និង ជាអភិបាលខណ្ឌសែនសុខ នៅរ សៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលស្ថិតនៅផ្លូវណ័រប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដកហូតទូហ្គេមបាញ់ត្រីប្រភេទធំចំនួន ០៣គ្រឿ ង តុលេងល្បែងសុីសងចំនួន០៣តុ បៀរចិន(ម៉ាជាំង) ចំនួន ០៤ឈុត និងឃាត់ខ្លួនជនជាតិជាអ្នកមើលការខុសត្រូវបានម្នាក់ ។ បច្ចុប្បន្នវត្ថុតាងបានយករក្សាទុកនៅ សាលាខណ្ឌសែនសុខ ដោយឡែក មនុស្សបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។

ចំពោះទីតាំងហ្គេមស្ថិតនៅផ្សារទំនើបអ៊ីអន២ កំពុងបើកស្វាគមន៍អ្នកញៀនល្បែកចូលលេងដោយមិនខ្លាចញញើតការចុះបង្ក្រាបអំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ។

ពាក់ព័ន្ធទីតាំងល្បែងហ្គេមបាញ់ត្រីស្ថិតនៅផ្សារទំនើបអ៊ីអន២«អង្គភាពយើង» លោក ហួរ ម៉េង វ៉ាង អធិការខណ្ឌសែនសុខ បានបញ្ជាក់ថា លោកពុំបាន ដឹងពីរឿងនេះទេហើយ លោកបញ្ជាក់ថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើនេះគេស្គាល់លោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌសែនសុខ ។ ចំណែកលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា ប្រសិន បើមានការលេងជា លក្ខណៈស៊ីសងវាពិតជាខុសច្បាប់ ហើយ ប្រសិនបើមានដូច្នេះមែនអាជ្ញាធរខណ្ឌនឹងធ្វើការបង្ក្រាប ។

ពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងនេះហើយដែលជាដើមចមនៃការ កើតមានអំពើ លួច , ឆក់ , ប្លន់ ។ ពលរដ្ឋបានលើកឡើងបន្ថែមទៀតថា ឯណា ទៅគោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៩ចំណុច ដែលរដ្ឋាភិបាលដាក់អោយអនុវត្តន៍នោះ ឬ មួយ ក៏ មានតែនៅលើស្លាកទេ ?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីបែបនេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងរាជធានី ភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជា មូលហេតុនៃអំពើចោរកម្ម៕

*ទីតាំងអាជ្ញាធរចុះបង្ក្រាប ក្នុងសង្កាត់ទឹកថ្លា

*ទីតាំងហ្គេមស្ថិតនៅផ្សារទំនើបអ៊ីអន២ កំពុងបើកស្វាគមន៍អ្នកញៀនល្បែកចូលលេង