បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី៤នាក់ដកហូតគ្រឿងញៀនជាង១០គីឡូក្រោម

ភ្នំពេញ ៖ នគរបាលបន្តឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បន្ទាប់ពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន«ក៣»សហការជាមួយនគរបាលមូលដ្ឋានបានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយចាប់ជនជាតិវៀតណាម៤នាក់ (ស្រី២ នាក់) រួមជាមួយថ្នាំញៀនជាង១០គីឡូក្រាម និង វត្ថុតាងមួយចំនួនទៀត។

ក្នុងប្រត្តបត្ដិការចុះបង្ក្រាបខាងលើនេះដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ, លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញ និង គណៈ បញ្ជាការឯកភាពខណ្ឌច្បារអំពៅ កាលពី ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤៧ ផ្លូវ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន
ទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។
ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។
ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មា នលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។
ទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានបន្ដទៀតថា កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៣)សហការជាមួយ កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម៤នាក់ ដកហូតបានថ្នាំញៀនចំនួន១០គីឡូក្រាម កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។

លុះដល់វេលាម៉ោង១០ និង ១០នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោយការចាប់ខ្លួន និងក្រោយការសួរនាំ កម្លាំងនគរបាលក្រោមការសម្របសម្រួលពីតំណាងអយ្យការបានជនសង្ស័យបន្តចុះឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន ស្ថិតនៅផ្ទះលេខ១៦៨ ផ្លូវលេខ១១២ ភូមិបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជាលទ្ធផលនៃការឆែកឆេរនៅទីតាំង នៅចំណុចផ្ទះលេខ៤៧ ផ្លូវ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅរកឃើញវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់
-ក្រាមពណ៌ត្នោត ២០កញ្ចប់
-សារធាតុរាវ ៣៨ដប
-សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២)
-ឧបករណ៍ផលិតកែច្នៃមួយចំនួន
-សារធាតុរាវពណ៌ស ១ប៊ីដុង

បន្ទាប់ពីនគរបាលនាំជនសង្ស័យចុះឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន នៅទីតាំងខាងលើរួចមក នគរបាលបាននាំជនសង្ស័យ និងវត្ថុតាង មកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕