តុលាការខេត្តកំពង់ស្ពឺ សម្រេចដាក់គុកបុរសវ័យ៦០ឆ្នាំម្នាក់ រឿងរំលោភកុមារអាយុ៨ឆ្នាំ នៅស្រុកឧដុង្គ

កំពង់ស្ពឺ ៖ លោក ម៉ែន វណ្ណៈ អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសវ័យជិត៦០ឆ្នាំម្នាក់ ដាក់គុកជាបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើស រំលោភកុមារអាយុ ៨ឆ្នាំ។

ជនត្រូវចោទមានឈ្មោះ រី រិន ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ត្រូវបានតុលាការសម្រេចឃុំខ្លួន ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ និងប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមមាត្រា ២៣៩, មាត្រា ២៤១, មាត្រា ២៤៦ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា កម្លាំងនគរបាលស្រុកឧដុង្គ បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ រី រិន កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ និងបានបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕