ប៉ូលិសមែនទែន បញ្ជូនខ្លួន ប៉ូលិសក្លែងក្លាយ ទៅឲ្យតុលាការចាត់ការដាក់គុក

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនប៉ូលិសក្លែងក្លាយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដេញឃាត់ម៉ូតូពលរដ្ឋតាមដងផ្លូវ ។

យោងតាមរបាយការបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ទូច ដេវីត អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំទូលទំពូងទី២ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះមានឈ្មោះ ជា សុផាន់ណាត់ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកថា នគរបាលបានឃាត់ខ្លួនជន សង្ស័យម្នាក់ដែលក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដេញឃាត់ម៉ូតូប្រជាពល រដ្ឋតាមផ្លូវ បង្កមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៧ ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៤ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សង់សេ១២៥ស៊េរី០១៤ពាក់ស្លាកលេខភ្នំពេញ1CU-9499, ឯកសណ្ឋាន នគរបាលពណ៍ទឹកដោះគោមួយកំផ្លេមួកនគរបាលមួយ ៕