ប្លន់ម៉ូតូហុងដាឌ្រីម២០២០បាត់ដោយសុវត្ថិភាព មិនរំខានមេប៉ុស្ដិ៍ចោមចៅ១

ភ្នំពេញ៖ ជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លីបានធ្វើសកម្មភាពភ្ជុងប្លន់ពីស្រ្តីម្នាក់បានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាព ធ្វើឲ្យស្រ្តីរងគ្រោះមិនហ៊ានស្រែកព្រោះ ជនសង្ស័យគំរាមបាញ់សម្លាប់ ។ ហេតុការណ៍ដែលជនសង្ស័យធ្វើ សកម្មភាពនេះកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំច្រកចូលរោងចក្រ ប្លូស្កាយ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ឡាយ ពៅ ភេទស្រី អាយុ៣៨ មុខរបរលក់ដូរ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកបានសម្រេចនោះម៉ាកហុងដាឌ្រីមពណ៍ក្រហម ស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1HE-5464 ។

តាមការរៀបរាប់ពីស្រ្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរចេញពីផ្ទះម្តុំបន្ទាយទាហាន (បន្ទាយរថក្រោះ) ក្នុងគោលបំណង ស្រាប់តែមកដល់ចំណុះកើតហេតុ ហើយផ្លូវរៀងស្ងាត់ផងក៏លេចមុខជនសង្ស័យ២នាក់ក្នុងឯសណ្ឋានស្រដៀងសមត្ថកិច្ចបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ប្រដាប់ដោយអាវុធខ្លីមួយដើម បានកៀងគាត់ ស្រែកឲ្យឈប់ ឲ្យប្រគល់ម៉ូតូឲ្យវា ហើយកុំស្រែកប្រយ័ត្នវាបាញ់សម្លាប់ចោល ដោយមានការភិតភ័យស្លន់ស្លោ ទើបព្រមប្រគល់ម៉ូតូឲ្យពួកជនសង្ស័យទាំងនោះតែម្តង។

ក្រោយពីមានហេតុការណ៍នេះស្រ្តីជនរងគ្រោះបានត្រឹមទំនាក់ទំនងទៅក្រុមគ្រួសារមកដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕