ជិះម៉ូតូឌុបគ្នាសុខៗស្រាប់តែរថយន្តដឹកប្រេងបុកកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅផ្លូវជាតិលេខ៤

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅផ្ទះជួលវិញត្រូវរថយន្តដឹកប្រេងធុនយក្សមួយគ្រឿងបុកចំពីមុខ និងកិនពីលើពេញទំហឹងរួចព្យាយាមបើករត់ ហើយត្រូវសមត្ថកិច្ចដេញចាប់មកវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង ៤០នាទីយប់ ថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤ ជិតនិងបុរីពិភពថ្មី ក្នុងភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ តឿន រ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិចំការថ្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និងមានស្រុកកំណើតនៅភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ពណ៍ខៀវ ពាក់ស្លាក លេខភ្នំពេញ កំពង់ឆ្នាំង 1F-9538 ឌុបគ្នាចេញពីកន្លែងធ្វើការ តាមបណ្តោយផ្លូវ ជាតិលេខ៤ ទឹសដៅពីលិចទៅកើត បំណងទៅកន្លែងស្នាក់នៅ ខណៈមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ក្បាលពណ៌ស លាយខៀវ ឆ្នូត ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3D-7332 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច បញ្រ្ចាស់ទឹសគ្នា លុះដល់ចំណុចកើតហេតុខាងលើរថយន្តក៏ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យខ្ទាតមិត្តភក្ត័អង្គុយនៅខាងក្រោយចូលកង់ រថយន្តខាងមុខផ្នែកខាងឆ្វេងកិនស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតជាអ្នកឌុបខ្ទាតចេញក្រៅរងរបួសធ្ងន់ ហើយត្រូវរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៏នេះបានដេញចាប់បានប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលរងចាំប្រគល់ឲ្យជំនាញ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕