រថយន្តមិនស្គាល់ម៉ាកបុកស្ត្រីម្នាក់ជិះម៉ូតូម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកបរក្នុងល្បឿនលឿននិងជ្រុលទៅព្រលះម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុនិងបុរសម្នាក់រងរបួសធ្ងន់បាក់ជើងបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ចំណុចមុខមណ្ឌលសុខភាព ក្បាលកោះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរស ស្ត្រ២នាក់សង្ស័យជាប្តី ប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សង់ឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-7234 ធ្វើដំណើរតាមបណ្ដោយផ្លូបជាតិលេខ១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីត្បូងទៅជើង បញ្ច្រាស់ទិសដៅគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបុកបញ្ឈិតម៉ូតូចំហៀងខាងឆ្វេង បណ្ដាលឲ្យប្លោងនារីម្នាក់ជិត២០ម៉ែត្រ បោកនិង ថ្នល់ស្លាប់ភ្លាមៗ និង រងរបួសធ្ងន់បុរសម្នាក់បាក់ជើងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ និង បានធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរករថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែករកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕