នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ចាប់បានជនសង្ស័យលួចម៉ូតូបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូបានមួយថ្ងៃកាលពីវេលាម៉ោង១៥ និង ៣០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅចំណុចផ្ទះលេខ៣៨៩ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

លោក ឯម ភារី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថុល វុទ្ធីម ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ និងបក្សពួកម្នាក់ទៀតឈ្មោះ ធី ។ ចំណែកជនរងគ្រោះឈ្មោះ សួន មីដា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ និស្សិត មានទីលំនៅផ្ទះជួល ផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

លោកនាយប៉ុស្ដិ៍បានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1HS-7131 មកចាក់សោរកចតទុកនៅកន្លែងធ្វើការផ្ទះលក់ថ្នាំពេទ្យ ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ចំណុចកើត ហេតុ) រួចចូលទៅធ្វើការនៅខាងក្នុងផ្ទះ ។ លុះមកដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃដដែលខ្លួនបានចេញមករកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញក៏បានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឲ្យជួយស្រាវជ្រាវរកតែម្ដង ។

បន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងរួចហើយ កម្លាំងជំនាញបានចុះទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាព នឹង កំណត់មុខសញ្ញាជនសង្ស័យបានរហូតឈានដល់វេលាម៉ោង១៨ និង ៣០នាទីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចផ្លូវ ៣៧១សឡា ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រីឯបក្សពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការ សាកសួរនៅប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីបន្ដ ៕