លោក ថេង សុថុល អភិបាលខណ្ឌចំការមន ណែនាំឲ្យកម្លាំងអាវុធហត្ថ ពង្រឹងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ព្រមទាំងលោក-លោកស្រី អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌ បានជួបសំណេះសំណាល ជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌប្រមាណ ៧០នាក់ ដើម្បីបង្កើនភាពស្និតស្នាលជាមួយគ្នារវាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ក្នុងការបំពេញការងារ រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាជនក្នុងមូលដ្ឋាន ។

លោក ថេង សុថុល បានឲ្យដឹងថា ជានិច្ចកាល រវាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវមានការទំនាក់ទំនងគ្នាជាប្រចាំក្នុងការបំពេញការងារ ហើយការចុះមកសំណេះសំណាលគ្នា និងសាកសួរសុខទុក្ខគ្នានៅពេលនេះ ឬថ្ងៃនេះ ដើម្បីឲ្យស្គាល់ចិត្តថ្លើមគ្នាផង និងជាការផ្សារភ្ជាប់ការងារអាជ្ញាធរ និងកងកម្លាំងប៉េអឹម កាន់តែល្អប្រសើរលើការងារសន្តិសុខ និងការចុះរៀបចំសណ្តាប់ធ្នាប់។

អភិបាលខណ្ឌចំការមន បានជំរុញដល់មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ ក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង និងការងារសណ្ដាប់ធ្នាប់ ពិសេសអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវផងដែរ៕