វីរៈសិល្បករ និង ជាតារាចម្រៀងអាយ៉ៃជើងចាស់លោក​ ព្រហ្ម ម៉ាញ ត្រូវចោរចូលគាស់ផ្ទះ​លួច​អស់៥ម៉ឺន​ដុល្លារ

ភ្នំពេញ៖ វីរៈសិល្បករ និងជាតារាចម្រៀងអាយ៉ៃជើងចាស់លោក​ ព្រហ្ម ម៉ាញ ត្រូវចោរចូលគាស់ផ្ទះ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងផ្ទះលេខ៥៦ ផ្លូវ២៨៩ ក្រុម៧៣​ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយបានរុករើ ក្នុងបន្ទប់យកលុយអស់​​ប្រមាណ ៥ម៉ឺនដុល្លារ​ ដោយសុវត្ថិភាព។ ​ប៉ុន្តែពេលអ្នកយកព័ត៌មានព្យាយាម​ទាក់ទងទៅកាន់តារាកំប្លែងរូបនេះ ដើម្បីសួរនាំព័ត៌មានបន្ថែម ត្រូវបានលោកមិនចុចទទួល។

យោងតាមគណនី Facebook របស់ នាយ ព្រែក បានលើកឡើងថា «ពិតជាគួរឲ្យសោកស្ដាយណាស់ ចំពោះលោក អ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញ វេលាម៉ោងប្រហែល៨យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំ ដែលស្ថិតនៅទួលគោក យកប្រាក់អស់ចំនួន៥ម៉ឺនដុល្លារ។ លោកអ៊ុំវ័យ ជិត៧០ឆ្នាំហើយ មិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះ ទំរាំសំន្សំបានប្រាក់នេះ»។

លោក​ ព្រហ្ម ម៉ាញ​ អាយុ៦៩ឆ្នាំ ទីលំនៅផ្ទះកើតហេតុ​ខាងលើបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា «កន្លងមករស់នៅក្នុងផ្ទះនេះមានគ្នាចំនួន០៣នាក់ ប្អូនស្រីខ្ញុំ,​ ក្មួយស្រីខ្ញុំ និងខ្ញុំ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៦នឹង ៣០នាទី ខ្ញុំក៏ចេញទៅចូលរួមច្រៀងរាប់ផ្លែឈើអោយគេនៅអូដឹមចប់នៅវេលាម៉ោង ១១នឹង០០នាទី ខ្ញុំក៏ទៅមើលដីនៅឯបឹងធំ ចំណែកប្អូនខ្ញុំនិងក្មួយខ្ញុំក៏ចេញទៅក្រៅដែរ រហូតដល់ម៉ោងកើតហេតុខាងលើខ្ញុំក៏ត្រឡប់មកផ្ទះមុនគេ ហើយចាក់សោរចូលឡើងទៅបន្ទប់របស់ខ្ញុំ ស្រាប់តែឃើញបង្អួចបើកចំហរបន្តិច និងមានស្នាមគាស់ទ្វារ រួចខ្ញុំក៏រុញទ្វារទើបដឹងថាចោរចូលលួចលុយតែម្តង»។

ជុំវិញដំណឹងនេះភ្នាក់ងារយើងបានព្យាយាមទាក់ទងទៅកាន់តារាកំប្លែង ព្រហ្ម ម៉ាញ តាមរយៈទូរស័ព្ទជាច្រើនលើកច្រើនសារ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ ប៉ុន្តែលោកមិនបានទទួលទូរស័ព្ទទាល់តែសោះ។

ការបែកធ្លាយដំណឹងបែបនេះ ត្រូវបានមហាជន​ចូលរួមសម្ដែងក្ដីសោកស្តាយ និងទទូចសុំឲ្យសមត្ថកិច្ច​ កំណត់មុខសញ្ញាជនល្មើស ​ស្រាវជ្រាវ ចាប់ខ្លួនបានយកមកផ្តន្ទាទោស​តាមផ្លូវច្បាប់ ។ ជាការកត់សម្គាល់ សម្រាប់តារាចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ ត្រូវបានគេដឹងថា លោកមិនដែលស្វាគមន៍ចំពោះសំណួររបស់អ្នកសារព័ត៌មាន ដែលត្រូវចោទសួរលោកនោះឡើយ ទោះបីជាលោកមានរឿងរ៉ាវតូចធំយ៉ាងណាក៏ដោយ៕