អ្នកបកប្រែភាសាចិនម្នាក់ ចង.កសម្លាប់ខ្លួននៅកន្លែងធ្វើការក្រុមគ្រួសារមិនឲ្យទម្លាក់សព និង ទាមទារឲ្យពិនិត្យសាកសពសាជាថ្មី ព្រោះសង្ស័យជា ករណីឃាតកម្ម

ភ្នំពេញ៖ បុរសជាអ្នកបកប្រែភាសាចិនម្នាក់ ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងអគារការិយាល័យដែលជាកន្លែងធ្វើការរបស់ខ្លួនដោយមានស្នាមបែកក្បាលហូរឈាមប្រឡាក់ពេញបន្ទប់កើតហេតុនោះ ធ្វើឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះបានអះអាងថា ជាករណីឃាតកម្ម ហើយទាមទារឲ្យពិនិត្យសាកសពសាជាថ្មី ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល តាំងពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះ រហូតដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែល បង្កមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង នៅក្នុងអគាការិយាល័យក្រុមហ៊ុន SUNWA ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសួនច្បារសម្តេចហ៊ុន សែន (ខាងកើតណាហ្គាវើល៍) ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។ ជនរងគ្រោះឈ្មោះ ហួយ ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអ្នកបកប្រែភាសារចិន ក្នុងក្រុមហ៊ុនខាងលើ ។ ជនរងគ្រោះមានប្រពន្ធ និងកូន ប្រុសម្នាក់ ស្នាក់នៅផ្ទះជួលម្តុំចម្ការដូង ខណ្ឌដង្កោ និង មានស្រុក កំណើតនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ទាក់ទិននឹងករណីខាងលើ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន និងកម្លាំងជំនាញនគរបាលរាជធានីភ្នំពេញ ក៏បានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ និងបានអះអាងថា សពបុរសរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន ។ ចំណែកឯស្នាមរបួសបែកក្បាលហូរឈាមនោះវិញ គឺ ដោយសារតែបុរសរង គ្រោះបានយកខ្សែភ្លើងឡើងទៅចងកភ្ជាប់នឹងពិដានម្តងរួចមកហើយ តែត្រូវដាច់ខ្សែធ្លាក់បែកក្បាលហូរឈាម ហើយបានងើបឡើងទៅចងកម្តងទៀត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តងទៅ ។

ក្រោយពីសមត្ថកិច្ចបានផ្ដល់ដំណឹងអកុសលនេះភ្លាមក្រុមគ្រួសាររបស់ជនរងគ្រោះ រួមមាន៖ ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ, កូនរបស់ជនរងគ្រោះ, ឪពុកម្តាយរបស់ជនរងគ្រោះ និងបងប្អូនរបស់ជនរង គ្រោះជាច្រើននាក់ទៀត បានចុះមកដល់កន្លែងកើតហេតុ និងឃើញសភាពសពជនរងគ្រោះស្លាប់មិនមានលៀនអណ្តាត និងម្យ៉ាងទៀតនៅលើក្បាលជនរងគ្រោះមានស្នាមរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន និងប្រឡាក់ឈាមពេញឥដ្ឋការ៉ូ ព្រមទាំងជញ្ជាំងផងដែរ ។ ពួកគាត់សង្ស័យថាមានជនណាម្នាក់វាយសម្លាប់ជនរងគ្រោះ ហើយលើកយកសពជនរងគ្រោះមកធ្វើជារូបភាពចងកនោះ ម្យ៉ាងទៀត ជនរងគ្រោះក៏បានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនមានដូចជា ម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ទូរស័ព្ទដៃចំនួន២ គ្រឿង កាបូបលុយ រួមទាំងរបស់របរមួយចំនួនទៀត ត្រូវបាត់អស់គ្មានសល់ ទើបធ្វើឱ្យពួកគាត់មិនអាចទទួលយកបានឡើយ ហើយក៏មិនឲ្យសមត្ថកិច្ចទម្លាក់សពជនរងគ្រោះចុះដែរ ។

ក្រុមគ្រួសាររបស់ជនរងគ្រោះ ស្នើសុំឲ្យថ្នាក់លើ និងកម្លាំងជំនាញមកធ្វើការពិនិត្យសពជនរងគ្រោះសាជាថ្មីម្តងទៀត ហើយពួកគាត់មិនទទួលយកតាមការអះអាងរបស់កម្លាំងសមត្ថកិច្ចឡើយ ដោយពួកគាត់មានការសង្ស័យថាជាករណីឃាតកម្ម ។ ពាក់ព័ន្ធទៅនឹងករណីខាង លើនេះដែរ គេមិនទាន់បានដឹងថាតើសមត្ថកិច្ចដោះស្រាយយ៉ាងណានៅឡើយទេ ៕