លួចម៉ូតូបានសម្រេច តែគេចមិនផុតពីខ្នោះរបស់ប៉ូលិស

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានធ្វើការឃាត់ខ្លួនជន សង្ស័យ២នាក់ពាក់ព័ន្ធករណី អំពើលួច ដែលប្រព្រឹត្ដិកាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១៩ និង ៣០នាទី នៅចំណុចមុខផ្ទះលេខ១១២៥ ផ្លូវជាតិលេខ២ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក អ៊ុំ រតនា នាយប៉ុស្ដិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ វីន ត្រេន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ រើសអេតចាយ (មានផ្ទុកសារធាតុញៀន) ។ ទី២-ឈ្មោះ ឆាង ធារ៉ា ហៅ ឃុត ពៅ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុន សំរដ្ឋា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៥៧ ផ្លូវលំ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

លោកនាយប៉ុស្ដិ៍បានបន្ដទៀតថា នៅមុនពេលជនរងគ្រោះឈ្មោះ អ៊ុន សំរដ្ឋា បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA 0257 ទៅរកប្អូននៅចំណុចផ្ទះលេខ ១១២៥ ផ្លូវជាតិលេខ២ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ពេលទៅដល់ជនរងគ្រោះបានចតម៉ូតូទុកនៅខាងមុខផ្ទះ រួចចូលទៅខាងក្នុងផ្ទះដោយពុំបានដកកូនសោរចេញពីម៉ូតូ ហើយនៅពេលចេញពីក្នុងផ្ទះមករកម៉ូតូស្រាប់ តែបាត់មិនឃើញ ជនរងគ្រោះឈ្មោះ អ៊ុន សំរដ្ឋា ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវរក ។

លុះមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២ និង ០០ នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ១ សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ ស្រាប់តែឃើញ ជនសង្ស័យចំនួន០២នាក់ឈ្មោះ វីន ត្រេន ,ឈ្មោះ ឆាង ធារ៉ា ហៅ ឃុត ពៅ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA 0257 (គ្មានកុងទ័រ,គ្មានគំរបជ័រសងខាង) មានការសង្ស័យក៏ឃាត់ត្រួតពិនិត្យធ្វើការសាកសួរ ទើបជនសង្ស័យទាំង០២នាក់ឈ្មោះ វីន ត្រេន ,ឈ្មោះ ឆាង ធារ៉ា ហៅ ឃុត ពៅ បានឆ្លើយសារភាពថា ចំពោះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA 0257 គឺពួកគេទាំង០២នាក់ និង បក្សពួកម្នាក់ទៀតឈ្មោះ សល់ ភេទ ប្រុស បានលួចយកកាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១៩ម៉៣០នាទី នៅភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រគល់ខ្លួនជនសង្ស័យទាំង០២នាក់(ឈ្មោះខាងលើ) និង វត្ថុតាង ៖ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA 0257 (ជាម៉ូតូរបស់ជនរងគ្រោះដែលបាត់) ឲ្យមកនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួកជនសង្ស័យឈ្មោះ សល់ បានរត់គេចខ្លួនបាត់ ។

វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ លេខតួ+លេខម៉ាស៊ីន 5271282 ពាក់ស្លាកលេខ ភ្នំពេញ1HA 0257(ជារបស់ជនរងគ្រោះ)។ បច្ចុប្បន្នជនសង្ស័យឈ្មោះ វីន ត្រេន ,ឈ្មោះ ឆាង ធារ៉ា ហៅ ឃុត ពៅ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕