ស្ត្រីម្នាក់ស្លាប់ និង មនុស្ស៤នាក់ទៀតរងរបួសធ្ងន់ ដោយសារ រថយន្តព្រូសបើកបុករះ

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងដែលបង្កដោយរថយន្តព្រូសមួយគ្រឿងបានបុករះម៉ូតូរុឺម៉កនិងម៉ូតូឥណ្ឌាដែលស្របទិសគ្នាពេញទំហឹងបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងមនុស្សជាច្រេីននាក់ទៀតរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៧  ខែឧសភា  ឆ្នាំ២០១៩  ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១សង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើត ហេតុគេឃើញរុឺម៉កម៉ូតូមួយគ្រឿងធ្វើដំណើរដោយប្រុសស្រី២នាក់និងកង់បីឥណ្ឌាធ្វើដំណើរ ដោយបុរស២នាក់ព្រមទាំងក្មេងស្រីម្នាក់បានធ្វើដំណើរស្របគ្នាតាមបណ្ដោ យផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិច  លុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-0427 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីលិចទៅកើត(បញ្ច្រាស់គ្នា) ក្នុងល្បឿនយ៉ាងលឿនដូចហោះហើយជ្រុលទៅបុករះរុឺម៉កម៉ូតូមួយគ្រឿងនិងកង់បីឥណ្ឌាមួយគ្រឿងខាងលើចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ភាគីខាងរុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងព្រមទាំងមនុស្សប្រុស២នាក់និងក្មេងស្រីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។ ដោយ ឡែករថយន្តបង្កនិងរុឺម៉កម៉ូតូសណ្ដោងព្រមទាំងកង់បីឥណ្ឌាបានរងការខូចខាតយ៉ាងដំណំផងដែរ ។   

ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានរងរបួសស្រាលបានចុះគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តបង្កនៅ និងកន្លែងឲ្យសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកទាំងរុឺម៉កម៉ូតូនិងកង់បីឥណ្ឌទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់រីឯសពស្ត្រីជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី