អតីតប៉ូលិសអន្តរាគមន៍ម្នាក់ និង បក្ខពួក ៤នាក់ទៀត ត្រូវតុលាការកាត់ទោសរឿងប្លន់ប្រដាប់អាវុធ

(ភ្នំពេញ)៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានបើកវសនាការកាត់ទោសមនុស្សប្រុសស្រី ៥នាក់ ពាក់ព័ន្ធករណី ប្លន់ប្រដាប់អាវុធ ចំនួន ២លើក។

លោកស្រី កែវ សុគន្ធា តំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់៖
-ករណីទី១៖ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អតីតប៉ូលិសអន្តរាគមន៍,ឈ្មោះ ផេង យុទ្ធនា ភេទប្រុស, ឈ្មោះ ស៊ន់ សេរីវិចិត្រ និងឈ្មោះ ហៀង ស្រីដែត ភេទស្រី ពីបទ លួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ក្នុងអំពើប្លន់យកម៉ូតូ ZOOMER X ពីជនរងគ្រោះនៅក្នុងទឹកដីសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-និងករណីទី២៖ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អតីតប៉ូលិសអន្តរាគមន៍,ឈ្មោះ ផេង យុទ្ធនា ភេទប្រុស និងឈ្មោះ គង់ សុវណ្ណ ភេទប្រុស បទ លួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្នុងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងហាងអ៊ីនធឺណេតមួយកន្លែងនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅក្នុងសវនាការក្រុុមជនជាប់ចោទ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការពិតប្រាកដមែន។

គួររម្លឹកថា ក្រុមជនជាប់ចោទ ត្រូចកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ។ ក្រោយបញ្ចប់ការសាកសួរដេញដោល តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងទាំង ២នេះទៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ខាងមុខ៕