ឃាត់ខ្លួនក្រុមក្មេងស្ទាវ​៦នាក់ ពពាក់ពពូនគ្នា ចាំលួចឆក់ប្លន់ទ្រព្យសម្បត្តិពីអ្នកដំណើរ នៅគល់ស្ពានស្ទឹងមានជ័យ

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យ ចុះធ្វើការស្រាវជ្រាវឆែកតាមប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព រួចក៏បានកំណត់មុខសញ្ញាភិនភាគជនសង្ស័យខាងលើ រហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់៣នាក់ ថែមទាំងអ្នកញៀនថ្នាំ៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស វាយយកទូរស័ព្ទដៃពីប្រជាពលរដ្ឋ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានក្រុមក្មេងទំនើងជាច្រើននាក់ ពពាក់ពពូនគ្នា នៅចំណុចកើយហេតុខាងលើ លុះមកដល់ម៉ោងកើតហេតុ ក៏មានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ (មិនស្គាល់ស្លាកលេខ) បើកបរដោយបុរសម្នាក់ ឌុបនារី៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងល្បឿនយឺតៗ ទិសដៅពីជើងទៅត្បូង បត់មកអែបតាមផ្លូវគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែជនសង្ស័យម្នាក់ ក្នុងចំណោមក្រុមក្មេងស្ទាវពពាក់ពពូនគ្នានោះ ធ្វើសកម្មរត់មកស្ទាក់ពីមុខម៉ូតូ តែស្ទាក់មិនបាន បែរជាចាប់ទាញយុវជនម្នាក់ ដែលអង្គុយពីក្រោយ ធ្វើឲ្យធ្លាក់ពីលើម៉ូតូ ហើយមានបក្ខពួកជាច្រើននាក់ ដែលកំពុងចាំក្បែរនោះ ស្ទុះទៅទាញនិងជួយរុញនិងសំឡុតយុវជននោះ ហើយយុវជនដែលជាអ្នកបើកម៉ូតូ ភ័យពេកបានបន្ថែមរត់ទៅបាត់ ចំណែកក្រុមក្មេងស្ទាវទាំងនោះនាំគ្នាធ្វើសកម្មភាពវាយអូសជនរងគ្រោះទាញចូលក្នុងបន្ទប់ទឹក វាយប្លន់យកទូរស័ព្ទដៃ ដោយជនរងគ្រោះបានប្រតាយប្រតប់ជាមួយនិងក្រុមចោរដែរ ហើយបានប្រឹងស្ទុះរត់ចេញមកលើផ្លូវស្រែកឲ្យគេជួយ។

បន្ទាប់ពីកើតហេតុហើយ យុវជនជាអ្នកបើកម៉ូតូក៏បានភ័យស្លន់ស្លោ ព្រោះមិនធ្លាប់ជួបហេតុការណ៍បែបនេះ ហើយបានជិះម៉ូតូទាំងញ័រខ្លួនទៅដល់បន្ទប់ជួលរបស់មិត្តភក្តិដែលជាអ្នកជិះពីក្រោយនោះ តែមិនឃើញហើយ ទាក់ទងទូរស័ព្ទមិនចូលទៀត ទើបទាក់ទងរាយការណ៍ផ្សាយសំលេងផ្ទាល់តាមវិទ្យុABC រៀបរាប់ហេតុការណ៍ ដែលបានកើតឡើង រួចទុកម៉ូតូនៅផ្ទះបងនៅខណ្ឌដង្កោ ហើយជិះ Passapp ត្រលប់មករកមិត្តភក្តិដែលបាត់ខ្លួន ទាក់ទងមិនចូលនោះ លុះមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ យុវជនជាអ្នកបើកម៉ូតូបានរៀបរាប់ដំណើររឿងប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១បានដឹងផងដែរ ។

លោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមាន ជ័យ១ បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះ និងទទួលបានវិដេអូសកម្មភាពតាមរយៈកាមេរ៉ាសុវត្ថិភាពទៀតនោះ លោកបានពិនិត្យមើលភ្លាម ដើម្បីកំណត់មុខសញ្ញា បានដឹកនាំកម្លាំងចុះទៅភ្លាមតែម្ដង តែក្រុមក្មេងស្ទាវអស់ទាំងនោះ បានស្ទុះរត់គេចខ្លួនបាត់អស់ ហើយលោកក៏រាយការណ៍ជូនថ្នាក់លើភ្លាមៗ ។

បើតាមលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា បន្ទាប់ពីលោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី១ រាយការណ៍ភ្លាម នៅព្រឹកថ្ងៃទី១១ លោកបានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ត្រី គង់ សុវង្ស អធិការរងទទួលបន្ទុកយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដឹកនាំដោយលោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះធ្វើការឃាត់ខ្លួនបានពាក់ព័ន្ធករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស វាយយកទូរសព្ទដៃពីប្រជាពលរដ្ឋ។ ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ , ជនសង្ស័យទី២ឈ្មោះ ប្រុស ម៉ៅ ហៅខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងជនសង្ស័យទី៣ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ រីឯបក្ខពួកម្នាក់ឈ្មោះ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ កំពុងរត់គេចខ្លួន។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ នោះទេព្រោះមិនបានដាក់ពាក្យបណ្តឹង។

បច្ចុប្បន្នជនសង្ស័យ៣នាក់ដែលជាអ្នកប្រើប្រាស់ថ្នាំញៀនត្រូវបានបញ្ជូនទៅធ្វើការអប់រំនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ចំណែកជនសង្ស័យចំនួន៣នាក់ ដែលធ្វើសកម្មភាពវាយប្លន់យកទូរសព្ទ័ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕